រាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញវ៉ាក់សាំងជាង ១០៤ លានដូសបន្ថែមទៀតសម្រាប់តម្រូវការរយៈពេល៣ឆ្នាំ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចុះហត្ថលេខាដើម្បីទិញវ៉ាក់សាំងចំនួន ជាង១០៤លានដូសបន្ថែមទៀត សម្រាប់តម្រូវការបីឆ្នាំ ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៦។
នេះបើតាមសារជាសំឡេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាល្ងាចថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២២នេះ។
ជាមួយគ្នានេះ សម្ដេច ក៏បានលើកឡើងបន្តថា «សម្រាប់ឆ្នាំ ២០២២ ២០២៣ យើងបន្តប្រើប្រាស់វ៉ាក់សាំងដែលយើងមានស្តុកនៅក្នុងឃ្លាំង តាមរយៈ នៃការទិញ និងជំនួយ ។
ហើយយើងក៏នៅសល់វ៉ាក់សាំងដែលមិនទាន់ដឹកចូលមកដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ មានពីសាធារណរដ្ឋប្រជាមានិតចិនចំនួន ១៥លានដូស ពីសហរដ្ឋអាមេរិកជាង ៥លាន ៥សែនដូស ពីអូស្ត្រាលីសម្រាប់ចាក់កូនក្មេងប្រមាណ ៥០ម៉ឺនដូស ដូច្នេះចំនួនជាង២០ម៉ឺនដូស »។
សម្តេចតេជោ បញ្ជាក់ថា យើងមានលទ្ធភាពប្រើវ៉ាក់សាំងនេះនៅក្នុងឆ្នាំ ២០២២ និង២០២៣ ដោយមិនមានការខ្វះខាតវ៉ាក់សាំងនោះឡើយ។ សម្ដេចតេជោក៏បានបញ្ជាក់ថា «ដោយសារតែជំងឺកូវីដ១៩ មិនទាន់បាត់ពីពិភពលោក
ដូច្នេះយើងត្រូវបម្រុងទុកជាយថាហេតុអាក្រក់ សម្រាប់ពេលខ្វះវ៉ាក់សាំងនៅក្នុងចន្លោះឆ្នាំ ២០២៤ តទៅដល់ឆ្នាំ ២០២៦ គឺរយៈពេល ៣ឆ្នាំ»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា «វ៉ាក់សាំងជាង ១០៤លានដូសនេះ គឺសហគ្រាសផលិតឱសថកម្ពុជា សហការជាមួយនឹងក្រុមហ៊ុន Sinovac របស់ប្រទេសចិន
នឹងត្រូវផ្គត់ផ្គង់ដល់រាជរដ្ឋាភិបាលកម្ពុជា ដល់ជិត ៣៥លានដូស ក្នុងមួយឆ្នាំ ដែលជាតម្រូវការចាំបាច់ដើម្បីឲ្យយើងប្រើប្រាស់សម្រាប់ទាំងកុមារ និងចំនួនអ្នកដែលត្រូវចាក់បន្ថែមទៀតដុសជំរុញ»។
ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ព្រះរាជាណាចក្រកម្ពុជា បានរួចផុតពីការឆ្លង និងស្លាប់រយៈពេល២៦ ថ្ងៃរួចមកហើយ ទោះបីជាជំងឺរាតត្បាតនេះកើតឡើងនៅប្រទេសជិតខាងរបស់យើង
ក៏ប៉ុន្តែសម្រាប់កម្ពុជារបស់យើង គឺយើងបានឈានដល់សូន្យកូវីដរយៈពេល ២៦ថ្ងៃហើយ»។
សម្ដេចបន្តថា យោងទៅតាមបទពិសោធន៍ដែលមាន វ៉ាក់សាំង គឺជាយុទ្ធសាស្ត្រគន្លឹះសម្រាប់គ្រប់គ្រងការពារអាយុជីវិតប្រជាជនរបស់យើង និងការការពារសុខមាលភាពប្រជាជនយើង» ។ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាជនរបស់យើងទៅទទួលវ៉ាក់សាំងជាបន្តទៀតឱ្យបានគ្រប់ដូស និងដូសជំរុញ៕