ក្រសួង នឹងចាប់ផ្ដើមផាកពិន័យជាប្រាក់ ឬបិទកន្លែងព្យាបាលជំងឺឯកជនណា ដែលបន្តចេញវេជ្ជបញ្ជាសរសេរដោយដៃ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នឹងចាប់វិធានការចំពោះកន្លែងព្យាបាលជំងឺឯកជនណាដែលចេញវេជ្ជបញ្ជាសរសេរដោយដៃ ដោយផាកពិន័យចំនួន ៥លានរៀល ឬ ដកហូតអាជ្ញាបណ្ណ ឬ បិទកន្លែងព្យាបាលមិនឱ្យព្យាបាលអ្នកជំងឺតទៅទៀត។
ក្រសួងសុខាភិបាល ធ្លាប់បានធ្វើការណែនាំនាពេលកន្លងទៅ ដោយកន្លែងព្យាបាលជំងឺឯកជន ត្រូវចេញវេជ្ជបញ្ជា តាមកុំព្យូទ័រ។ ប៉ុន្តែ ក្រសួងបានសង្កេតឃើញថា កន្លែងព្យាបាលមួយចំនួន នៅតែមិនព្រមអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចេញវេជ្ជបញ្ជាដោយកុំព្យូទ័រ ដោយនៅតែបន្តចេញវេជ្ជបញ្ជាសរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រឡើយ៕