ញាក់សាច់! ឃា ត់ ខ្លួន បុរសម្នាក់រួមទាំងម្ចាស់ លក់វត្ថុបុរាណ ក្រោយបែកធ្លាយរឿងលិខិតទិញលក់ “អកកំបោរ” ១ខាំតម្លៃ៧០លានដុល្លារ
យោងតាមព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា អកកំបោរនោះជាវត្ថុបុរាណ ដែលធ្វើពីលោហធាតុ ស៊ីរំសេវ(សំរិទ្ធ) មានតម្លៃរាប់លានដុល្លារ ត្រូវបានគេរត់ការរៀបចំលក់ទៅឱ្យឈ្មួញ តែត្រូវបាននគរបាលខណ្ឌប្ញស្សីកែវចាប់ខ្លួនបានម្នាក់ រួចបានសហការជាមួយនាយកដ្ឋាន បេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចុះទៅដកហូតវត្ថុបុរាណនោះ នៅឯខេត្តស្ទឹងត្រែង។
ចំពោះការទិញលក់នោះ មានឯកសារទិញលក់ត្រឹមត្រូវដោយម្ចាស់ឈ្មោះ សួង តាក់ បានប្រគល់សិទ្ធិទៅឱ្យមនុស្សចំនួន ៤នាក់ ទី១-ឈ្មោះ ប៊ុន សំអាត ភេទប្រុស អាយុ៤៧ឆ្នាំ, ទី២-ឈ្មោះទូច ប៊ុនថា, ទី៣-សេង ទៀត និងទី៤-ឈ្មោះញ៉ៃ ស៊ុយលី។ ចំណែកខាងក្រុមហ៊ុនមានតំណាងចំនួន ៣នាក់ ១-ឈ្មោះផាន់ សុធា, ២-សានទុទ្ធី និង៣.ឈ្មោះញឹក មួន។
អ្នកទាំង៣នាក់ ធានាអះអាងថា ក្រុមហ៊ុន មានអាជ្ញាប័ណ្ណស្របច្បាប់ក្នុងការទិញលោហធាតុនោះ។ នៅក្នុងលិខិត កាតព្វកិច្ចទទួលខុសត្រូវរបស់ភាគីតំណាងក្រុមហ៊ុននោះ ក៏មានចុះហត្ថលេខា និងត្រា មេធាវី សេង សុទ្ធសំរិទ្ធ ផងដែរ។ នៅក្នុងឯកសារព្រមព្រៀងលក់កេរមរតកឯកជននោះ បានឱ្យដឹងថា តម្លៃ ១ខាំ ៧០លានដុល្លារ។
ហើយយោងតាមការឱ្យដឹងពីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា អកកំបោរនោះមានអាយុកាលប្រមាណជាង២០០ឆ្នាំ បន្សល់ទុកតាំងពីបុរាណ ហើយត្រូវបានគេរៀបចំលក់ចេញទៅឱ្យឈ្មួញ។
បើយោងតាមម្ចាស់ឈ្មោះ សួង តាក់ បានឱ្យដឹងថា អកកំបោរនោះ ជារបស់ដូនតា (យាយ) របស់ខ្លួនដាក់កំបោរ ហើយមានគេទិញដោយឱ្យតម្លៃ ២០លានដុល្លារ តែគាត់មិនជឿ។ ដោយសារតែចង់រក្សាទុករបស់នោះ ប្រគល់ទៅឱ្យខ្សែស្តេច ដើម្បីទុកជាអនុស្សាវរីយ៍ ក៏សម្រេចចិត្តប្តឹងនគរបាលតែម្តង៕