សម្តេចតេជោ ហ៊ុន សែន ផ្តល់អាទិភាពដល់គ្រូពេទ្យ និងគ្រូបង្រៀន ត្រូវទទួលបានវ៉ាក់សាំងកូវីដ១៩មុនគេ ខណៈដែលសម្តេចបញ្ជាឱ្យទិញវ៉ាក់សាំងដំណាក់កាលដំបូង(វីដេអូ)
ភ្នំពេញ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងសារជាសំឡេងនៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានផ្តល់យោបល់លើជនជាមុខសញ្ញាក្នុងស្ថាប័នសំខាន់ៗមួយចំនួនដែលគួរចាក់វ៉ាក់សាំងដំបូងគេនោះ ក្នុងនោះ រួមមាន៖ គ្រូពេទ្យ ត្រូវផ្តល់អាទិភាព និងបន្ទាប់មកគឺ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីពន្ធនាគារ មន្ត្រីយុត្តិធម៌ ខាងជលផល ព្រៃឈើ និងបរិស្ថានជាដើម។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា ចៅក្រម ព្រះរាជអាជ្ញា និងមេធាវី ក៏ជាជនអាទិភាពដែលគួរទទួលបានវ៉ាក់សាំងក្នុងដំណាក់កាលដំបូងនេះផងដែរ។
ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងបន្ថែមថា ជនដែលគួរទទួលបានវ៉ាក់សាំងនៅដំណាក់កាលទីពីរ គួរជានិស្សិតរៀនតាមមហាវិទ្យាល័យទាំងរដ្ឋ និងឯកជន អ្នករៀនតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មករសំណង់ជាដើម។
ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្តេចបានចង្អុលឱ្យឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល គិតគូរសាងសង់កន្លែងសម្រាប់ស្តុកវ៉ាក់សាំងទាំងនេះផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕