កម្ពុជា នឹងចាប់ផ្តើមសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅខេត្តកំពង់ធំ ដើម្បីប្រសិទ្ធិភាពក្នុងការប្រមូលទិន្នន័យអាកាសធាតុ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នឹងចាប់ផ្តើមសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅខេត្តកំពង់ធំ នាពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ ខណៈឯកសារនានា កំពុងត្រូវបានរៀបចំដើម្បីចុះហត្ថលេខា។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ស្ថានីយរ៉ាដាតេជោសែនទី២ នឹងសាងសង់ឡើងនៅក្នុងក្រុងស្ទឹងសែន នាខេត្តកំពង់ធំ ដែលជាចំណុចកណ្តាលនៃប្រទេសកម្ពុជា ងាយស្រួលក្នុងការប្រមូលទិន្នន័យនានាដែលពាក់ព័ន្ធ បរិយាកាស និងអាកាសធាតុ រួមនឹងបាតុភូតទាំងក្នុង និងក្រៅប្រទេស។
បើតាមលោក ចាន់ យុត្ថា បានឱ្យដឹងថា កាលពីជាង ១០ឆ្នាំមុន ក្រសួង បានសម្រេចសាងសង់ស្ថានីយរ៉ាដាតេជោសែនទី១ នៅក្នុងរាជធានីភ្នំពេញ ដែលមិនមែនជាចំណុចកណ្តាលនៃប្រទេសកម្ពុជា ដោយសារតែបញ្ហាចរន្តអគ្គិសនីនៅតាមបណ្តាខេត្តមិនទាន់មានស្ថេរភាព បម្រើឱ្យប្រតិបត្តិការស្ថានីយរ៉ាដា។
ម្យ៉ាងទៀត បច្ចុប្បន្នដោយសារតែមានការអភិវឌ្ឍរីកចម្រើយ៉ាងឆាប់រហ័សនៃសំណង់អគារខ្ពស់ៗនៅរាជធានីភ្នំពេញ ធ្វើឱ្យស្ថានីយរ៉ាដាតេជោសែនទី១ ជួបបញ្ហាខ្លះ ក្នុងការប្រមូលទិន្នន័យពាក់ព័ន្ធអាកាសធាតុ ទើបក្រសួងសម្រេចសាងសង់មួយទៀតនៅខេត្តកំពង់ធំ។
លោក ចាន់ យុត្ថា បានបញ្ជាក់ឱ្យដឹងទៀតថា ស្ថានីយរ៉ាដាតេជោ មានកាំរង្វង់ប្រតិបត្តិការ ៤៨០គីឡូម៉ែត្រ ដូចនេះ ការដាក់នៅក្រុងស្ទឹងសែន ដែលជាចំណុចកណ្តាលនៃប្រទេសកម្ពុជា នឹងជួយពង្រឹងប្រសិទ្ធភាពនៃការប្រមូលទិន្នន័យ ហើយបញ្ជូនទិន្ន័យទាំងនោះ មកកាន់ស្នាក់ការកណ្តាល នៅស្ថានីយរ៉ាដាតេជោសែនទី១៕