ប្រជាពលរដ្ឋ៤នាក់ ប្ដឹ.ង ជំទាស់នឹងការសាងសង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ១៣នាក់ ដែលមានដីកម្មសិទ្ធិចំនួន១៣ឡូតិ៍
ទីតាំង៖ បុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កាល៖ តាំងពីឆ្នាំ២០១៦ អូសបន្លាយដល់បច្ចុប្បន្ន។
* សាវតា៖ កាលពីឆ្នាំ២០១៤ ប្រជាពលរដ្ឋចំនួន១៣នាក់បានទិញដីឡូតិ៍ពីក្រុមហ៊ុន 7NG សរុបចំនួន១៣ឡូតិ៍ ក្នុង១ឡូតិ៍ៗមានទំហំ ៤ម៉ែត្រគុណ១៩ម៉ែត្រ ដោយមានហត្ថលេខារបស់អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ បញ្ជាក់លើលិខិតបំបែកក្បាលដីពីឧកញ៉ា ស្រី សុធា នាយកក្រុមហ៊ុន 7NG ទៅឱ្យប្រជាពលរដ្ឋជាភាគីអ្នកទិញទាំង១៣នាក់នោះ។ គួរបញ្ជាក់ថា ដើមឡើយ ក្រុមហ៊ុន 7NG ក៏ទិញដីពីប្រជាពលរដ្ឋម្ចាស់ដើមដែរ មិនមានការព័ទ្ធយកដោយខុសច្បាប់នោះឡើយ។
* តាមការឱ្យដឹងពីពលរដ្ឋម្ចាស់ដីម្នាក់ឈ្មោះ សោ ពិសិដ្ឋ៖
នៅក្នុងឆ្នាំ២០១៦ ដោយមានប្លង់សាងសង់ពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីរាជធានីភ្នំពេញផងនោះ ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីក៏ចូលទៅសាងសង់សំណង់លំនៅដ្ឋាននៅលើដីរៀងៗខ្លួន ក៏ស្រាប់តែមានប្រជាពលរដ្ឋចំនួន៤នាក់ទៀតបានទៅប្ដឹងដល់សង្កាត់ចោមចៅ២
ដើម្បីជំទាស់នឹងការសាងសង់របស់ប្រជាពលរដ្ឋម្ចាស់ដី១៣ឡូតិ៍ ដោយអះអាងថាទីតាំងរបស់ប្រជាពលរដ្ឋ១៣ឡូតិ៍នោះជា «ចំណតរថយន្តសាធារណៈ» ហើយអាជ្ញាធរក៏បានចេញមកហាមឃាត់ ដាក់កម្លាំងប្រជាការពាររារាំង ហើយថែមទាំងឱ្យឡានក្រុងបើកទៅឈប់សំចតនៅលើទីតាំងដីទាំងនោះ ខណៈពីដើមឡើយមិនដែលមានឡានចូលចតនៅទីនោះឡើយ។
បញ្ហានេះក៏បានអូសបន្លាយអស់រយៈពេលច្រើនឆ្នាំ រហូតឡើងដល់ដៃអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង។ នៅពេលនោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានកោះប្រជាពលរដ្ឋចំនួន២នាក់ (ម្នាក់ឈ្មោះ គឹមយ៉ាន និងម្នាក់ទៀតឈ្មោះ គឹម ឆន) ដើម្បីធ្វើជាតំណាងឱ្យប្រជាពលរដ្ឋម្ចាស់ក្បាលដីទាំង១៣ឡូតិ៍ (ទាំងដែលប្រជាពលរដ្ឋផ្សេងទៀតមិនបានដឹងអំពីការធ្វើជាតំណាងនេះឡើយ)
ហើយក៏បានឱ្យផ្ដិតមេដៃលើលិខិតរបស់អាជ្ញាធររាជធានីភ្នំពេញ។ លិខិតនោះគឺសម្រេចបែងចែកក្បាលដីសាជាថ្មីជូនប្រជាពលរដ្ឋទាំង១៣នាក់ឡើងវិញ ដោយក្នុង១នាក់ទទួលបានដីត្រឹមតែ៣.៤២ម៉ែត្រគុណ១០ម៉ែត្រ។ ប្រជាពលរដ្ឋដែលមិនបានដឹងអំពីការផ្ដិតមេដៃ មិនព្រមតាមការសម្រេចនេះឡើយ ពីព្រោះដីដែលពួកគាត់ទិញគឺមានទំហំដល់ទៅ៤ម៉ែត្រគុណ១៩ម៉ែត្រ ទិញដោយស្របច្បាប់ពីក្រុមហ៊ុន ប៉ុន្តែបែរជាផ្ដល់ឱ្យពួកគាត់ត្រឹម៣.៤២ម៉ែត្រគុណ១០ម៉ែត្របែបនេះ គឺពួកគាត់មិនយល់ស្របនោះឡើយ។
ប្រជាពលរដ្ឋភាគីម្ចាស់ដីបានបញ្ជាក់ថា ថ្មីៗនេះមានអភិបាលរងខណ្ឌពោធិ៍សែនជ័យម្នាក់បានឲ្យដឹងថា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ អាជ្ញាធរនឹងដាក់គ្រឿងចក្រចុះទៅឈូសសំណង់ និងសម្ភារៈទាំងឡាយចេញពីដីនោះឱ្យអស់។
ដូច្នេះនៅថ្ងៃទី៣ ខែកុម្ភៈនេះដែរ អាជ្ញាធរខណ្ឌក៏នឹងមានការប្រជុំជាមួយកងកម្លាំងសមត្ថកិច្ចដើម្បីត្រៀមអនុវត្តការងារនៅថ្ងៃទី៨ ខែកុម្ភៈខាងមុននោះ។ ប្រសិនបើមានអ្នកណាចូលទៅរារាំងនឹងត្រូវ ចា.ប់ ឃា.ត់ ខ្លួន (ឬដាក់ ទោ.ស)។
ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា ប្រសិនបើអាជ្ញាធរអនុវត្តន៍ចំណាត់ការទាំងអយុត្តិធម៌បែបនេះ ពួកគាត់នឹងប្រមូលគ្នាដាក់លិខិតទៅដល់ខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីឱ្យសម្ដេចជួយរកយុត្តិធម៌។
តែទោះជាយ៉ាងណា ប្រជាពលរដ្ឋពិតជាចង់អនុវត្តន៍ទៅតាមនីតិវិធីច្បាប់៕ ជុំវិញករណីខាងលើងនេះ សារព័ត៌មានមហាខ្មែរមិនទាន់ទទួលបានការឆ្លើយបំភ្លឺណាមួយពីភាគីពាក់ព័ន្ធនោះឡើយ។ យើងខ្ញុំរងចំាទទួលការបំភ្លឹគ្រប់ភាគពាក់ព័ន្ធដោយក្តីរីករាយ។