សម្តេចតេជោ ហ៊ុន សែន៖ គ្មានរឿងអ្វីដែលត្រូវខ្លាចនគរបាលចរាចរណ៍ទេ
ព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «សូមកុំខ្លាចប៉ូលីសចរាចរណ៍ ហើយគ្មានរឿងអ្វីដែលយើងត្រូវខ្លាចនោះទេ ប្រសិនបើយើងអនុវត្តឲ្យត្រូវច្បាប់ចរាចរណ៍»។
នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវពីរខ្សែ(១៤៦B+១៤៨) នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ពលរដ្ឋយើងខ្លះ បច្ចុប្បន្នខ្លាចប៉ូលិសចរាចរណ៍ តែមិនខ្លាចច្បាប់ចរាចរណ៍ទេ កន្លែងណាដែលមិនមានប៉ូលិសចរាចរណ៍ ប្រជាពលរដ្ឋយើងជិះខុសច្បាប់តែម្ដង »។
សម្តេចក៏បានបន្តថា «សូមកុំឲ្យនេះក្លាយទៅជាវប្បធម៌របស់យើង យើងគ្មានរឿងខ្លាចប៉ូលិសចរាចរណ៍ទេ ព្រោះនគរបាលចរាចរណ៍គេមិនធ្វើអ្វីយើងនៅពេលដែលយើងមិនខុសច្បាប់នោះទេ »។
សម្តេចបន្តថា «គ្មានអ្នកណាមកស្លាប់ និងរបួសចំនួនយើងទេ ពេលយើងគ្រោះថ្នាក់ចរាចរណ៍ ហើយនោះគឺយើងក៏បង្ករងទុក្ខដល់ក្រុមគ្រួសារដែរ»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានពីអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕