សូមប្រុងប្រយ័ត្ន ! ចាប់ពីថ្ងៃទី១៤ ដល់២០ កញ្ញានឹងមានភ្លៀងលាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី១៤ ដល់២០ កញ្ញាខាងមុខនេះនឹងមានភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅច្រើនដោយលាយឡំនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
យោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤-២០ ខែកញ្ញានេះ របស់ក្រសួងធនធានទឹក នៅថ្ងៃទី១៣ កញ្ញាលើកឡើងថា ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលមួយសប្តាហ៍នេះ
នឹងរំកិលចុះឡើងនៅចន្លោះពីភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម និងភាគកណ្តាលអាងទន្លេមេគង្គជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីខ្សោយទៅបង្គួរ។
ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមា មានពី២៣-២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ។
នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរក្នុងនោះតំបន់ខ្លះអាចមានភ្លៀងច្រើនដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ចំណែកតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា មានពី២២-២៤ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣០-៣២អង្សាសេនឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរក្នុងនោះតំបន់ខ្លះអាចមានភ្លៀងច្រើនដោយអន្លើលាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាមានពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣០-៣២អង្សាសេ។ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងថា យោងលើស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដី និងសាធារណជនជ្រាបជាព័ត៌មាន និងបន្តមានការប្រុងប្រយ័ត្នចំពោះជំនន់ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនកន្លងមក និងភ្លៀងជាបន្តបន្ទាប់បន្ថែមផ្ទួនៗ៕