ពលរដ្ឋវៀតណាម នំាគ្នាសម្រុកទៅធ្វើប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះក្រសួងមហាផ្ទៃ បានប្រកាសរំលឹកឡើងវិញឱ្យក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ឱ្យទទួលស្គាល់ពីតម្លៃនៃប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្តនៅក្នុងប្រទេសកម្ពុជា។
នេះបើតាមសេចក្តីជូនដំណឹងលេខ ២១៨១ សជណ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។
ការរំលឹកឡើងវិញនេះ ធ្វើឡើងក្រោយមានការជូនដំណឹងជាច្រើនលើកច្រើនសារ ប៉ុន្តែស្ថាប័ន ព្រមទាំងវិស័យឯកជនមួយចំនួននៅតែមិនទាន់បានជ្រួតជ្រាប និងព្រមទទួលស្គាល់ពីតម្លៃនៃការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍នេះនៅឡើយ។
បើតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ឆ្នាំ១៩៩៤ ជនបរទេសអន្តោប្រវេសន្តដែលទទួលបានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ អាចប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃដូចជា ការស្នើសុំសេវារដ្ឋបាល
សេវាសាធារណៈ សេវាសុខភាព សេវាធនាគារ ការទិញលក់ចលនវត្ថុ អចលនវត្ថុ ការធ្វើអាជីវកម្ម ការស្នើសុំធ្វើការតាមរោងចក្រ សហគ្រាស និងសកម្មភាពមួយចំនួនទៀត ដេលច្បាប់អនុញ្ញាតសម្រាប់ជនបរទេស។
គួរបញ្ជាក់ថា ប័ណ្ណស្នាក់អចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្តនេះ មានសុពលភាព ២ឆ្នាំប៉ុណ្ណោះ និងអាចសុំបន្តប្រើប្រាស់រៀងរាល់ ២ឆ្នាំម្តង។
រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានជនបរទេសអន្តោប្រវេសន្តយ៉ាងតិច ៦ម៉ឺននាក់ ដែលមានអាយុ១៨ឆ្នាំឡើង ត្រូវបានរដ្ឋាភិបាលកម្ពុជាផ្តល់ជូនបណ្ណស្នាក់នៅអចិន្ត្រៃយ៍។
ដោយឡែក ជនបរទេសត្រឹម ៧ពាន់នាក់ ក្នុងចំណោម ៩ពាន់នាក់ ប៉ុណ្ណោះ ដែលបានទៅសុំបន្ដសពុលភាពបណ្ណស្នាក់នៅអចិន្ត្រៃយ៍របស់ពួកគេ រៀងរាល់ ២ឆ្នាំម្តង។
ជាមួយគ្នានេះដែរក្រោយពីក្រសួងមហាផ្ទៃ បានប្រកាសផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យជនបរទេសអន្តោប្រវេសន្តនៅកម្ពុជាហើយនោះ យើងក៏បានសង្កេតឃើញប្រជាជនវៀតណាម រាប់ពាន់នាក់បានសម្រុកនាំគ្នាទៅធ្វើប័ណ្ឌស្នាក់នៅអចិន្ត្រៃយ៍
យ៉ាងភ្លូកទឹកភ្លូកដី ដោយយើងឃើញមានទាំងធ្វើសៀវភៅស្នាក់នៅ លិខិតធ្វើដំណើរទៀតផង។ នេះបើយោងតាមការបង្ហោះរបស់ជនជាតិវៀតណាមប្រុសម្នាក់ ដែលបានមករស់នៅខេត្តព្រវែង។
គួររម្លឹកទៀតថា ពេលនេះមានជនបរទេសអន្តោប្រវេសន្តជិត ១ម៉ឺននាក់ដែលបានបន្តស្នាក់នៅដោយខុសច្បាប់ និងមិនព្រមមកសុំបណ្ណស្នាក់នៅថ្មី ឬសុំបន្តរយៈពេលប្រើប្រាស់នោះទេ
ដែលនេះជាបញ្ហាប្រឈមពាក់ព័ន្ធការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍។ នេះបើតាមការឱ្យដឹងពីក្រសួងមហាផ្ទៃក្នុងពិធីសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ កាលពីខែកុម្ភៈកន្លងទៅ ៕