សូមថែរក្សាសុខភាព! ពីថ្ងៃទី៣១ ខែសីហាដល់ថ្ងៃទី៦ ខែកញ្ញា កម្ពុជា អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម និងខ្យល់មូសុងនិរតី
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយ ពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីបក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម។
ព្រមជាមួយនេះ នៅចន្លោះថ្ងៃទី៣-៥ ខែកញ្ញា កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ ) ដែលអូសបន្លាយលើភាគខាងជើងថៃ ឡាវ និងវៀតណាម។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C និងសីតុណ្ណភាពអតិបរមា មានពី ៣២-៣៥ °C នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយគ្នានោះផ្នែកខ្លះនៃបណ្តាខេត្ត នៅទំនាបភាគកណ្ដាល និងភាគពាយ័ព្យអាចមានភ្លៀង ដោយអន្លើរក្នុងកម្រិតបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ។
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ជាមួយគ្នានោះផ្នែកខ្លះអាចមានភ្លៀង ដោយអន្លើរក្នុងកម្រិតបង្គួរលាយឡំ ទៅដោយផ្គរ រន្ទះ ។
៣៖ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ណភាពអតិបរមា មានពី ៣១-៣៣ °C នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ៕