រកឃើញបបែលយក្សទឹកសាប ទម្ងន់ ៣០០គីឡូក្រាមមួយក្បាលទៀត នៅស្រុកសៀមបូក នៃខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ បបែលយក្សមួយក្បាលត្រូវបានប្រជានេសាទប្រទះឃើញ និងចាប់បាននៅទន្លេមេគង្គ ស្តិតក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ នេះបើយោងតាមលោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផល បានឲ្យដឹងនៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០២២នេះ។
លោកនាយខណ្ឌជលផលរូបនោះបន្តថា កាលពីរល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៦:០០នាទី មានប្រជានេសាទឈ្មោះ មូល ធន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក
បានចាប់បានត្រីបបែលយក្សទឹកសាបមួយក្បាល បន្ទាប់មកប្រជានេសាទរូបនេះ ក៏បានរាយការណ៍ទៅប្រធានសហគមន៍នេសាទ ហើយប្រធានសហគមន៍នេសាទ គាត់ក៏បានរាយការណ៍បន្តទៅខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។
ក្រោយពីបានទទួលព័ត៌មាននេះភ្លាម ក្រុមការងារបានចេញដំណើរទៅសហគមន៍ដើម្បីធ្វើការវាស់ថ្លឹង នឹងកឹបស្លាកលេខ ព្រមទាំងយកសំណាកទៅធ្វើ DNA នឹងលែងចូលទៅក្នុងទឹកធម្មជាតិវិញផងដែរ។
លោកថានៅថ្ងៃនេះក្រុមការងារនៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងនិងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល និងក្រុមការងារគម្រោងអច្ឆរិយនៃទន្លេមេគង្គ បានធ្វើការវាស់ថ្លឹងឃើញថាបបែលយក្សមួយក្បាលខាងលើនេះមានទម្ងន់ រហូតដល់ទៅ៣០០គីឡូក្រាម។
ហើយពីក្បាលដល់ចុងកន្ទុយប្រវែង ៣៩៨សង់ទីម៉ែត្រ ប្រវែងពីក្បាលដល់គល់កន្ទុយប្រវែង ២២០សង់ទីម៉ែត្រ និងទទឹងដងខ្លួនប្រវែង ២២០សង់ទីម៉ែត្រ។
សូមបញ្ជាក់ថានេះជាត្រីបបែលយក្សទឹកសាបទី៣ហើយ ដែល ត្រូវបានពន្លែងទៅវិញនៅក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង៕