រយៈពេលពីរ ថ្ងៃ ភ្ញៀវទេសចរជិត ៥ម៉ឺននាក់ បានទៅសម្រាកកម្សាន្តក្នុងខេត្តកំពត
កំពត៖ ភ្ញៀវទេសចរប្រមាណជិត ៥ម៉ឺននាក់ បានធ្វើដំណើរពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា មកសម្រាកកម្សាន្តក្នុងខេត្តកំពត នាឱកាសនៃថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២១។ នេះបេីយោងតាមការឱ្យដឹងពី លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២១។
លោក សយ ស៊ីណុល បានបញ្ជាក់ថា ដោយសារតែខេត្តកំពត ជាខេត្តមួយសម្បូរទៅដោយរមណីដ្ឋានធម្មជាតិ និងមានតំបន់អេកូទេសចរណ៍ជាច្រើនកន្លែង បានធ្វើឱ្យភ្ញៀវទេសចរណ៍ភាគច្រើនមិនអាចរំលង ដោយមកសម្រាកកម្សាន្តរាល់ចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកផ្សេងៗ។ ម្យ៉ាងវិញទៀត ដោយសារការផ្អាកដំណើរការនៃតំបន់ទេសចរណ៍រយៈពេលពីរឆ្នាំមកហើយក្នុងព្រះរាជពិធីបុណ្យអ៊ុទូកនេះ ដោយសារតែមានការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ធ្វើឱ្យដំណើរកម្សាន្តរបស់ភ្ញៀវទេសចរមានការធ្លាក់ចុះ។
លោកប្រធានមន្ទីរ បានបន្ថែមថា រយៈពេលពីរថ្ងៃកន្លងមកនេះមានចំនួនជិត ៥ម៉ឺននាក់។ សម្រាប់ផ្ទះសំណាក់ និងសណ្ឋាគារក្នុងខេត្តកំពត ត្រូវបានភ្ញៀវកក់ពេញស្ទើរទាំងអស់ ហើយនៅសេសសល់ផ្ទះសំណាក់តូចៗមួយចំនួនប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃ២នេះសេវាស្នាក់នៅអាចពេញ ខណៈដែលនៅតាមតំបន់រមណីដ្ឋានផ្សេងៗ មានភ្ញៀវមកទស្សនាច្រើនជាងមុន ពិសេសតំបន់នៅតាមដងព្រែក រហូតដល់រមណីយដ្ឋានទឹកឈូ។
សម្រាប់ថ្ងៃទី១ នៃថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអ៊ុទូក ខេត្តកំពតមានភ្ញៀវទេសចរមកសម្រាកកម្សាន្តចំនួន ១៥.៧៧៦នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ១៥.៧៧៦នាក់ ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៦៤នាក់ ចំណែកថ្ងៃទី២ មានភ្ញៀវទេសចរមកសម្រាកកម្សាន្តចំនួន ៣៣.២៥២នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ៣៣.១៤៣នាក់ ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១០៩នាក់។
ទទ្ទឹមនឹងនេះលោកប្រធានមន្ទីរ ក៏បានបញ្ជាក់អំពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍(SOP) នៅតាមកន្លែងកម្សាន្តនីមួយៗ ថា គោរពតាមការណែនាំរបស់ជំនាញបានល្អ ដូចជាមានការឆែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩របស់ភ្ញៀវ មុនអនុញ្ញាតឱ្យចូល និងពាក់ម៉ាស់ បាញ់អាល់កុល វាស់កំដៅ និងព្យាយាមរក្សាគម្លាតពីគ្នាផងដែរ ហើយសេវាទេចរណ៍ផ្សេងៗ ទាំងការស្នាក់នៅ ចំណីអាហារ មិនមានការតម្លើងតម្លៃនោះទេ៕