សម្ដេចធិបតី ហ៊ុន ម៉ាណែត ចោទសួរអភិបាលខេត្តសៀមរាបពីចំនួនភ្ញៀវទេសចរបរទេសកើនឡើងប៉ុន្មានឲ្យពិតប្រាកដ?

56

 

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ចំនួនភ្ញៀវទេសចរបរទេស មកកាន់ប្រទេសកម្ពុជា មានការធ្លាក់ចុះដោយ សារការរាតត្បាតជំងឺកូវីដ-១៩ ប៉ុន្ដែបច្ចុប្បន្នមានចំនួនកើនឡើងបន្តិចវិញហើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា​ វិបត្តិកូវីដ ធ្វើឲ្យប៉ះពាល់ដល់ចំនួនទេសចរណ៍​ទាំងកម្ពុជានិងថៃ​ដូចតែគ្នា។ សម្ដេចបានសាកសួរទៅកាន់ភាគីថៃកាលពីពេលថ្មីៗនេះថាបានប៉ុន្មានភាគរយ? សម្ដេចថា : ថៃកាលមុនកូវីដ ៤០លាននាក់ ប៉ុន្ដែឥឡូវកើនវិញបានត្រឹមប្រហែល ៦០%ប៉ុណ្ណោះ​ ដែលនេះសឲ្យឃើញថា គ្រប់ប្រទេសទាំងអស់ប៉ះពាល់។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ​បានសាកសួរទៅកាន់អភិបាលខេត្តសៀមរាប ថាតើចំនួនភ្ញៀវទេសចរបរទេស កើនឡើងប៉ុន្មានឲ្យពិតប្រាកដ? ដោយសម្ដេចបន្ថែមថា រឿងទិ​ន្នន័យរបស់ក្រសួងទេសចរណ៍ជារឿងមួយ តែសម្ដេចចង់ដឹងបន្ថែមពីអាជ្ញាធរផ្ទាល់ នៅខេត្តសៀមរាប។

យោងតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត, លោកអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា «គាត់ថា យើងបង្កើនហើយ ណាមួយទៀតឥឡូវមិនទាន់ដល់ហៃស៊ីស៊ិន វាទើបតែចាប់ផ្ដើម ហៃស៊ីស៊ិន វាចាប់ផ្ដើមពីពាក់កណ្ដាលខែ ១០ ដល់ខែ ៣ ពេលហ្នឹងបានមនុស្សមកច្រើន ដោយសារស្រុកគេ គេវ៉ាកងគេអី គេនឹងមក»។

ទន្ទឹមនឹងនេះដែរ សម្ដេច​ ហ៊ុន ម៉ាណែត បានធ្វើការណែនាំឲ្យលោកទេសរដ្ឋមន្ត្រី ថោង ខុន និង លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពិនិត្យលើយន្ដការនានា ដើម្បីដោះស្រាយបញ្ហាទេសចរណ៍នេះ ថាតើមានបញ្ហាអ្វីខ្លះ?។

សម្ដេចធិបតី​ បានរំលេចថា ក្នុងពេលជួបពិភាក្សាជាមួយមេដឹកនាំប្រទេសមួយចំនួន ជាពិសេសនាយករដ្ឋមន្ត្រីថៃ និងប្រធានាធិបតីហ្វីលីពីនជាដើម សម្ដេច តែងតែជំរុញឲ្យមានកិច្ចសហប្រត្តិការទៅលើវិស័យទេសចរណ៍ ពិសេសជំរុញឲ្យទេសចរណ៍បរទេសមកកាន់ប្រទេសកម្ពុជា ឲ្យបានកាន់តែច្រើន។

សូមជម្រាបជូនថា ការថ្លែងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងគ្រា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិត ប្រមាណជិត២ម៉ឺននាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា : មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានជូនដំណឹងថា កំណាត់ផ្លូវមួយចំនួនក្នុងខេត្តសៀមរាបជន់លិចរងការជន់លិច ដែលត្រូវសម្រេចផ្អាកចរាចរណ៍ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្នសិន ដើម្បីរួមចំណែកថែរក្សាផ្លូវឱ្យប្រើប្រាស់បានយូរអង្វែង។

កំណាត់ផ្លូវដែលត្រូវផ្អាកចរាចរណ៍បណ្តោះអាសន្ននោះមានដូចជាកំណាត់ផ្លូវជាតិលេខ៦៤ (ដំដែក- អូរប្រាំព្យា – ព្រំប្រទល់ព្រះវិហារ) ផ្លូវជាតិលេខ៦៧ (ប្រាសាទបាគង-អន្លង់វែង) ផ្លូវខេត្តលេខ២៦៥E (រលួស-កំពង់ភ្លុក) ផ្លូវខេត្តលេខ២៦៦៨ (ស្វាយធំ-បន្ទាយស្រី) ផ្លូវខេត្តលេខ២៦៦ (ពួក-អង្គរជុំ) ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ារិន) ផ្លូវខេត្តលេខ២៦៧៦ (ទួលគ្រួស-តាសៀម) ផ្លូវខេត្ត លេខ២៦៤៥ (ស្វាយលើ -ស្រែណូយ) ផ្លូវខេត្តលេខ៦២-៣ (បេងមាលា-ខ្វាវ)។

ការសម្រេចផ្អាកចរាចរណ៍ត្រង់កំណាត់ផ្លូវដែលរងការជន់លិច ក៏ដើម្បីថែរក្សា ផ្លូវ ឱ្យនៅគង់វង្សយូរអង្វែង និងដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយដល់មនុស្ស និងសត្វ។

ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថា កម្ពុជានឹងបន្តធ្លាក់ភ្លៀងពីបង្អួរទៅច្រើន ដែលធ្វើឱ្យតំបន់ឆាប់ងាយរងគ្រោះអាចនឹងរងការជន់លិចដោយសារជំនន់ទឹកភ្លៀង ដែលទាមទារឱ្យពលរដ្ឋប្រុងប្រយ័ត្ន៕