ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនដែលគ្រោងរៀបចំពិធីមង្គលការទាំងឡាយ ប្រសិនបើអាចពន្យាបាន គឺសុំពន្យា ហើយប្រសិនបើមិនអាចពន្យាបានទេ សុំមេត្តាកាត់បន្ថយចំនួនមនុស្ស ឲ្យនៅតិចបំផុតតាមតែអាចធ្វើទៅបាន ដោយអនុវត្តតាមវិធានការ និងការណែនាំរបស់ក្រសួងសុខាភិបាល ខណៈនៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១៣ករណីបន្ថែមទៀត ហើយសម្ដេចចាត់ទុកថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានភាពលំបាកជាងព្រឹត្តិការណ៍មុនៗ។
តាមរយៈសារសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា រយៈពេល៣ថ្ងៃ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនៅកម្ពុជា មានការកើនឡើង ហើយនៅកន្លែងមួយចំនួនធ្វើឲ្យពិបាកគ្រប់គ្រង ទើបធ្វើឲ្យមានការបិទសាលារៀននៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ជាបណ្ដោះអាសន្ន។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវចំពោះបងប្អូនដែលត្រូវរៀបពិធីមង្គលទាំងឡាយ ប្រសិនបើអាចពន្យាបាន គឺសូមពន្យា ប្រសិនបើមិនអាចពន្យាបានទេ សូមមេត្តាកាត់បន្ថយចំនួនមនុស្សឲ្យនៅទិតបំផុត តាមអាចធ្វើទៅបាន នេះជាវិធានការដើម្បីឆ្លើយតបជាមួយនឹងការរីករាលដាល ក្នុងទ្រុងទ្រាយដែលមកដល់ពេលនេះ ទំហំប្រតិបត្តិការរបស់យើងកាត់តែធំទៅៗ»។
សម្ដេចតេជោ បន្ដថា មុខសញ្ញាដែលត្រូវគ្រប់គ្រងក៏កាន់តែច្រើន ដូច្នេះ អ្នកត្រូវរៀបមង្គលការ បើសិនពន្យាពេលបាន ត្រូវពន្យាពេលសិន ដើម្បីទប់ស្កាតជំងឺកូវីដ-១៩នៅកម្ពុជា។ សម្ដេចថា បើសិនរៀបមង្គលការត្រូវគោរពវិធានការ របស់ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសពេលការរួចមានឆ្លងជំងឺកូវីដ-១៩។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា «កាលពេល៣ថ្ងៃមុន កាលពីថ្ងៃទី២០ កុម្ភៈ ខ្ញុំព្រះករុណាខ្ញុំ មិនបានដាក់ចេញវិធានការទាំងនេះទេ ដើម្បីយើងពិនិត្យតើថា កម្រិតនៃការរីករាលដល់កម្រិតណា ប៉ុន្ដែមកដល់ពេលនេះ មិនមានការថុនថយទេ ចំនួនឆ្លងនៅក្នុងសហគមន៍គឺនៅបន្ដ។
យោងទៅតាមស្ថានភាពដែលយើងកំពុងយកសំណាក់ ដែលមានកិច្ចសហការពីអ្នកពាក់ព័ន្ធទាំងអស់ឃើញថា ចំនួនសំណាក់នៅសល់ច្រើនល្ងាចនេះ (ល្ងាចថ្ងៃទី២២ កុម្ភៈ) យើងរកឃើញ ១៣ករណីរួចស្រេចទៅហើយ។ ហើយម៉ាស៊ីនទាំងឡាយក៏មិនទាន់បញ្ចប់នៅឡើយទេ ដូច្នេះ ចំនួនឆ្លងក្នុងរង្វង់រយៈពេល៣ថ្ងៃប៉ុណ្ណោះ ចំនួនឆ្លងឡើងជិត១០០នាក់ ដែលចំនួនឆ្លងដែលមិនធ្លាប់មានពីមុនមក»។
សម្ដេចតេជោ ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ត្រូវផ្ដល់កិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្ដល់សំណាក់ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។ សម្ដេចតេជោ អង្វរករប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ មេត្តាកុំចេញក្រៅផ្ទះ ប្រសិនបើមិនមានការងារអ្វីចាំបាច់ទេនោះ ដើម្បីចៀសរវាងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
សម្ដេចតេជោ បន្ថែមថា ព្រឹត្តិការណ៍ ២០ កុម្ភៈ កើតចេញនៅកណ្ដាល-រាជធានីភ្នំពេញ ហើយសម្ដេចក៏មិនបានបិទសកម្មភាពសេដ្ឋកិច្ចនោះទេ ដូចជា៖ រោងចក្រ សហគ្រាស ភោនីដ្ឋាន អាហារដ្ឋាន ប៉ុន្ដែត្រូវយកចិត្តទុកដាក់រក្សាគម្លាតសុវត្ថិភាព បានឲ្យត្រឹមត្រូវបំផុត។ សម្ដេច នៅតែប្រគល់អំណាចទៅអភិបាលរាជធានី-ខេត្ត ដើម្បីបិទអាហារដ្ឋាន ឬកន្លែងលក់ដូរណា មិនគោរពតាមក្រសួងសុខាភិបាល។
សម្ដេចតេជោ ហ៊ុន សែន ក៏មានប្រសាសន៍បន្ថែមថា «អាចនិយាយបានថា លំបាក់ជាងព្រឹត្តិការណ៍ ៣វិច្ឆិកា និងលំបាកជាង ព្រឹត្តិការណ៍២៨វិច្ឆិកា ទៅទៀត។ ព្រោះយើងឃើញពន្លឺខ្លះ ប៉ុន្ដែទីងងឹតក៏នៅមានច្រើន ដែលយើងមិនទាន់អាចរកឃើញ»។
សម្ដេចតេជោ ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋនៅតាមបណ្ដាលខេត្ត ផ្អាកធ្វើដំណើរមករាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន ដើម្បីទុកឱកាសឲ្យរាជធានីភ្នំពេញ រៀបចំការដោះស្រាយបញ្ហាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ជាមុនសិន។
គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៥៦៨នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន៤៧៥នាក់ និងអ្នកជំងឺចំនួន៩៣នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ៕