លទ្ធផលក្រៅផ្លូវការ៖ ខេត្តសៀមរាប គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប ដោយគ្រប់គ្រង ៦/៦អាសនៈ

65

(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងថា នៅខេត្តសៀមរាប គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប ដោយអាចគ្រប់គ្រងបាន ៦/៦អាសនៈ។

សូមបញ្ជាក់ថា ការបោះឆ្នោតបានបិទបញ្ចប់ហើយ ខណៈដែលមានប្រជាពលរដ្ឋទូទាំងប្រទេសជាង ៨៤ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម​ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

អត្ថបទគួរអាន៖

នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា បានអញ្ជើញ​ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ យ៉ាងច្រើនកុះករដោយបង្ហាញនូវ​ទឹកចិត្ដសប្បាយរីករាយក្នុង​ការ​ចូលរួមបំពេញនូវកាតព្វកិច្ចរបស់ខ្លួន។ ដោយឡែក​នៅខេត្ត​សៀមរាប ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងលោកជំទាវ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និងលោកជំទាវ រួមជាមួយប្រជាពលរដ្ឋនៅ​ក្នុងខេត្តសៀមរាប ក៏បានអញ្ជើញ​ទៅបំពេញកាតព្វកិច្ចរបស់ខ្លួនផងដែរ។

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានគូសបញ្ជាក់ថា ពីមួយ​អាណត្តិ ទៅមួយអាណត្តិ បងប្អូនប្រជាពលរដ្ឋយើងបានអញ្ជើញមកចូលរួម​បោះឆ្នោត​យ៉ាង​ច្រើន ដោយពួកគាត់ពេញចិត្តក្នុងការបញ្ចេញនូវសិទ្ធិ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គោរពសិទ្ធិមនុស្ស តាមរយៈការបោះឆ្នោតនេះ ក្នុងការជ្រើសរើសអ្នកដឹកនាំ​ដែល​ខ្លួនពេញចិត្ត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្ដមបានបញ្ជាក់ថា នៅក្នុងឱកាស​ដែល​ប្រជាពលរដ្ឋយើង អញ្ជើញទៅបោះឆ្នោត អាជ្ញាធរខេត្តបានរៀបចំជាស្រេច ក្នុងការ​​ធានាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមការិយាល័យបោះឆ្នោត សរុប ១ ៥២១ ការិយាល័យ។

ឯកឧត្តមអភិបាលខេត្ដមានសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត​សៀមរាប នឹងអញ្ជើញទៅបោះឆ្នោតបានគ្រប់ៗគ្នា ទោះបីមានភ្លៀងធ្លាក់យ៉ាងណា ក៏បង​ប្អូនយើងនៅតែមកយ៉ាងច្រើន តាមការិយាល័យបោះឆ្នោតទូទាំងខេត្តផងដែរ ។

លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បាន​គូស​​​បញ្ជាក់ថា ការបោះឆ្នោតបាននិងកំពុងប្រព្រឹត្តិទៅតាមប្រក្រតីទិន និងនីតិវិធី ដែល​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់ បើទោះបីមានការរំខានខ្លះ​ដោយ​ភ្លៀង​ធ្លាក់ក៏ដោយ។ លោកបន្តថា គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត មានមន្ត្រី​ការិយា​ល័យ​បោះឆ្នោតសរុបចំនួន ៩ ១២៦ នាក់ សម្រាប់ការបោះឆ្នោតជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាលទី៧ នៅខេត្តសៀមរាប។ ចំពោះអ្នកមានឈ្មោះក្នុងបញ្ជីបោះ​ឆ្នោត​ចំនួន ៦១៨ ៨៣៥ នាក់ មានការិយាល័យបោះឆ្នោត ចំនួន ១ ៥២១ ការិយាល័យ មានអ្នក​សង្កេតការណ៍ជាតិ , សមាគម និងអង្គការសរុប ៦ ៦៧៨ នាក់ ក្នុងនោះ ស្រីចំនួន ៥ ០១៤ នាក់។ ចំពោះគណបក្សនយោបាយដែលបានឈរឈ្មោះមានចំនួន១៤ គណបក្ស មាន​បេក្ខជន​សរុប ១៦៨នាក់ ស្រី ៧១នាក់ និងកម្លាំងសន្តិសុខ មានចំនួនសរុប ៤ ០០០ នាក់ ទាំងនគរបាល និងប្រជាការពារ។

លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បាន​បញ្ជាក់បន្ថែមថា ក្នុងព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ដែលបានចាប់ដំណើរការពីម៉ោង៧៖០០នាទីព្រឹក រហូតដល់​ម៉ោង១៥៖​០០​នាទីរសៀល ហើយការបោះឆ្នោតបាន​ដំណើរការទៅដោយរលូន នៅតាមការិយាល័យនី​មួយៗ ដែលមានប្រជាពលរដ្ឋទូទាំងខេត្តចូលរួមធ្វើការបោះឆ្នោត៕