រកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ថ្មី ១នាក់ទៀត និងព្យាបាលជាសះស្បើយ ១នាក់ផងដែរ
ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រូពេទ្យជំនាញបាន រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ១នាក់ទផត ដែលជាករណីនាំចូល ហើយជាមួយគ្នានេះ ក៏បានព្យាបាលជាសះស្បើយ អ្នកជំងឺ-១៩ , ១នាក់ ផងដែរ។
អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី គឺជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ៤៣ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសសិង្ហបុរី តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានយកវត្ថុសំណាករបស់បុរសខាងលើនេះ ទៅធ្វើតេស្ដវិភាគរកមេរោគកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ , លទ្ធផល គឺវិជ្ជមានវីរុសកូវីដ-១៩ ។ បច្ចុប្បន្ន អ្នកជំងឺកំពុងត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន ។
រីឯអ្នកជាសះស្បើយវិញ គឺជាស្ត្រីជនជាតិខ្មែរសញ្ជាតិអាមេរិក អាយុ៦៦ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលអវិជ្ជមានកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ទៅកាន់ទីកន្លែងស្នាក់អាស្រ័យរបស់គាត់ហើយ ។
សរុបអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជា មានចំនួន ៣៦៤នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៣៥៦នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ៨នាក់។ ចំណែកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» វិញ រកឃើញវិជ្ជមាន ៤១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៧នាក់ហើយ នៅសល់ ៤នាក់ ទៀត កំពុងសម្រាកនៅមន្ទីរពេទ្យរដ្ឋ ៕