រដ្ឋមន្ត្រី៖ ពងទា នៅសៀមរាប ១គ្រាប់ ថ្លៃ ៣៦០រៀល គឺជាតម្លៃសមស្របហើយ!
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ មានសេចក្តីរាយការណ៍ពីខេត្តសៀមរាបថា តម្លៃពងទា ក្នុងខេត្តសៀមរាប ១គ្រាប់ ធ្លាក់ថ្លៃ ពី ៤០០រៀល មកនៅត្រឹម ៣៦០រៀល។
ក៏ប៉ុន្តែលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា តម្លៃពងទាប៉ុណ្ណឹង នៅខេត្តសៀមរាប គឺសមស្របហើយ ខណៈដែលពងទា នៅខេត្តកណ្តាល ថ្លៃត្រឹមតែ ២៨០រៀល ទៅ ៣០០ រៀលប៉ុណ្ណោះ ក្នុងពងទា ១គ្រាប់។
លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងប្រតិកម្មនឹងការផ្សាយរបស់កាសែតលើតម្លៃពងទានៅខេត្តសៀមរាបថា «ចេះតែនាំគ្នាជ្រួលជ្រើម រឿងហ្នឹង! តម្លៃប៉ុណ្ណឹង គឺសមស្របហើយ បើយើងប្រៀបធៀបនឹងខេត្តកណ្តាល តែ ២៨០-៣០០ តើ! ប៉ុន្តែមានអាមនុស្ស វាចេះតែបំផុសរឿង! អានេះ គឺជាក្រុមវិធង្សនា ដែលធ្វើឲ្យចលាចល។ ជាពិសេសក្រុមព័ត៌មានហ្នឹង ដែលចេះតែផ្សាយតាពីតាពៀស»។
លោក វេង សាខុន បន្ថែមថា «ខ្ញុំគិតថា តម្លៃប៉ុណ្ណឹង ( ៣៦០រៀល ក្នុងពងទា ១ នៅខេត្តសៀមរាប ) អាចទទួលយកបានហើយ ចន្លោះពី ៤០០ មក ៣៥០-៣៦០។ យើងអាចទទួលយកបាន។ តែយើងកុំបំផុសព័ត៌មានហ្នឹង ឲ្យវាលើសហួសពីហ្នឹង»។
កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយច្រានចោលនូវការលើកឡើងថា ករណីស៊ុតចុះថោក ក្រោម ៣០០រៀល ក្នុងមួយគ្រាប់ នៅតាមតំបន់មួយចំនួន បណ្តាលមកពីការនាំចូលស៊ុតពីប្រទេសជិតខាង ដូចជា ប្រទេសវៀតណាម ជាដើម។
ក៏ប៉ុន្តែសេចក្តីប្រកាស បានបញ្ជាក់ថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំដែលអនុញ្ញាតជាគោលការណ៍ឲ្យនាំចូលស៊ុតពីប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម ចូលមកទីផ្សារកម្ពុជាឡើយ។
ម្យ៉ាងទៀត ចំពោះតម្លៃស៊ុតទា សម្រាប់យកទៅភ្ញាស់ បើប្រៀបធៀបរវាងកម្ពុជា ជាមួយនឹងប្រទេសវៀតណាម ពោលគឺមានតម្លៃប្រហាក់ប្រហែលគ្នា។ ដោយឡែក ស៊ុតទាធម្មតា មិនបង្កកំណើត នៅកម្ពុជា តម្លៃ ២៨០រៀល ក្នុង មួយគ្រាប់ ចំណែកនៅឯប្រទេសវៀតណាម តម្លៃ ៣០០ រៀល ក្នុងមួយគ្រាប់។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានលើកឡើងថា តម្រូវការស៊ុត និងតម្លៃធ្លាក់ចុះនៅកម្ពុជានាពេលនេះ ដោយសារតែក្នុងស្ថានភាពជំងឺកូវីដ១៩ កំពុងគំរាមកំហែងដល់សុខភាពសាធារណៈ ហើយកម្មវិធីជួបជុំផ្សេងៗ ត្រូវបានផ្អាក ដែលធ្វើឲ្យតម្រូវការស៊ុត ត្រូវបានកាត់បន្ថយជាអតិបរមា នៅពេលដែលការចិញ្ចឹមបក្សីយកស៊ុត មានការកើនឡើងនៅគ្រប់តំបន់ទូទាំងប្រទេស ម្យ៉ាងទៀត នៅក្នុងរដូវត្រីត្រូវ ប្រជាពលរដ្ឋមួយចំនួន បែរមកបរិភោគត្រី ជំនួសឲ្យស៊ុតបក្សីវិញ៕ ប្រភព៖ Koh Santepheap Daily