មិនសូវមានអ្នកដឹងទេ !! បាញ់ទឹកសម្លាប់មេរោគ ឬអាល់កុលលើសរីរាង្គមនុស្សអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាព
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃទី ២២ ខែធ្នូ នេះថា «ការបាញ់ទឹកសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ ឬអាល់កុល លើសរីរាង្គមនុស្សនឹងមិនអាចជួយការពារលោកអ្នកប្រឆាំងនឹងវីរុសកូវីដ-១៩ បានទេ និងអាចមានគ្រោះថ្នាក់» ។
លោកស្រីបានបន្តថាយោងតាមការពន្យល់ណែនាំរបស់អង្គការសុខភាពពិភពលោក តាំងទីថ្ងៃទី ២៧ ខែមេសាឆ្នាំ២០២០ បានបង្ហាញថា ការបាញ់អាល់កុល ឬថ្នាំសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ លើលើសរីរាង្គមនុស្ស មិនបានជួយដល់ការការពារខ្លួនលោកអ្នកប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡើយ និងអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាពលោកអ្នក» ។
លើសពីនេះ WHO ក៏បានបញ្ជាក់ដែរថា «មិនត្រូវបាញ់ថ្នាំសម្លាប់មេរោគ ឬអាល់កុល ឬសារធាតុសម្លាប់មេរោគ ទៅលើខ្លួនមនុស្សនៅគ្រប់កាលៈទេសៈ ។ សារធាតុទាំងនេះ អាចធ្វើឲ្យពុល ប្រសិនបើប៉ះពាល់ហើយលេខចូលទៅអាចធ្វើឲ្យរំខាន រមាស់ ឬរលាកអាល់ឡែកហ្ស៊ីស្បែក ធ្វើឲ្យខូចស្បែក និងភ្នែករបស់មនុស្ស» ។ ថ្នាំសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ន សម្រាប់លាងសម្អាតដៃ ទីកន្លែងណាមួយតែប៉ុណ្ណោះ ។ ត្រូវចងចាំថាសារធាតុគ្លរីន ឬសារធាតុសម្លាប់មេរោគផ្សេងៗទៀត ឲ្យឆ្ងាយនិងផុតពីដៃក្មេងប្រយ័ត្នគ្រោះថ្នាក់ ។
លោកស្រីអ្នកនាំពាក្យបានបន្តថាសូមសម្គាល់ថា អាល់កុល ឬជែល អាចប្រើសលាងសំអាតដៃដោយសាប៊ូជាមួយទឹកស្អាត ឫអាល់កុល ឫជែល ដែលជាវិធានការសម្រាប់ការពារការចម្លងវីរុសកូវីដ-១៩ តែមិនត្រូវប្រើសម្រាប់បាញ់លើខ្លួនប្រាណឡើយ ។
ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសុខាភិបាល ធ្វើឡើងបន្ទាប់ពីគេកត់សម្គាល់ឃើញថាមានពិធីបុណ្យ និងតាមរោងការមួយចំនួន បានដាក់ទូបាញ់អាល់កុលសម្លាប់មេរោគ ដែលតម្រូវឲ្យភ្ញៀវដើរចូលក្នុងម៉ាស៊ីន និងមានការបាញ់អាល់កុលលើខ្លួនប្រាណតែម្តង ៕