កូនប្រុសទាំង ៤រូបរបស់សម្តេច សុខ អាន កាន់តំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ
ភ្នំពេញ៖ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ កូនប្រុស ៤រូប របស់សម្តេចវិបុលបញ្ញា សុខ អាន ត្រូវបានតែងតាំងជារដ្ឋលេខាធិការ ៣រូប និង ១រូប ជាអនុរដ្ឋលេខាធិការ។ នោះគឺកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោក សុខ សូកេន ជារដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ខណៈបច្ចុប្បន្ន លោក សុខ សូកេន មានមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស។
សូមជម្រាបថា សម្តេចវិបុលបញ្ញា សុខ អាន បានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ក្នុងជន្មាយុ ៦៦ឆ្នាំ។ សម្តេច សុខ អាន និងលោកជំទាវ ថេង អាយអាន្នី មានកូន ៥នាក់ ( ស្រីម្នាក់ និងកូនប្រុស ៤នាក់ ) រួមមាន៖ ១-លោកស្រី សុខ សូម៉ា ( អាយុ ៤១ឆ្នាំ ) ២-លោក សុខ ពុទ្ធិវុធ ( អាយុ ៤០ឆ្នាំ ) ៣-លោក សុខ សូកាន ( ៣៧ឆ្នាំ ) ៤-លោក សុខ សូកេន ( ៣៧ឆ្នាំ ) ៥-លោក សុខ សង្វារ ( អាយុ ៣៣ឆ្នាំ )។
គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ កូនប្រុសសម្ដេចវិបុលបញ្ញា សុខ អាន ៤រូប មានតំណែងក្នុងជួររាជរដ្ឋាភិបាល រួមមាន៖ លោកសុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនិងលោក សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។
កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងមុខតំណែងលោក សុខ សូកាន ជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
នៅដើមឆ្នាំ២០១៥ លោក សុខ សូកាន បានចូលកាន់តំណែងជាអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលតាកែវ ជំនួសលោក សូ ឃុន ដែលបានទទួលមរណភាព។ លោក សុខ សូកាន ក៏បានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ក្នុងការបោះឆ្នោត ឆ្នាំ២០១៨ បន្តដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
ចំណែកកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងមុខតំណែងលោក សុខ សង្វារ ជាអនុរដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍។
លោក សុខ សង្វារ ត្រូវបានតែងតាំងជាអគ្គនាយករងអាជ្ញាធរ ដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅកាត់ថា «អាជ្ញាធរអប្សរា» កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥។ លោក សុខ សង្វារ បានបន្តការងារជាអគ្គនាយករងអាជ្ញាធរជាតិអប្សរា មកដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
ដោយឡែក កូនប្រុសច្បងរបស់សម្តេច សុខ អាន ដែលជាកូនប្រសាររបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក សុខ ពុទ្ធិវុធ ជាអតីតប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានៈ លោក សុខ ពុទ្ធិវុធ ជារដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ លោក សុខ ពុទ្ធិវុធ បានបន្តការងារជារដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រហូតដល់សព្វថ្ងៃ៕