ប្រវត្តិពិតរបស់ កែវ សុវណ្ណ ដើរពីស្រុកទៅសៀមរាបធ្លាប់បួសបាន៨វស្សាប្រឹងរៀនខ្លាំងរហូតមានបញ្ហាខួរក្បាល
ភ្នំពេញ ៖ ថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ក្រោយពេលដែលបុរសម្នាក់ដែលត្រូវបានគេបង្ហើបថាជាមនុស្សមានសតិមិនល្អ ដើរដោយជើងទទេពីស្រុកកំណើតរាប់រយគីឡូម៉ែត្រ សំដៅទៅទឹកដីខេត្តសៀមរាប និងការនិយាយស្ដីដូចជាបណ្ឌិតផ្នែកច្បាប់ ធ្វើឱ្យមហាជនជាច្រើនបានស្ងើចសរសើរ ជាពិសេសនៅពេលដែលបុរសម្នាក់អនាថារូបនេះ បានលើកឡើងនូវទស្សនៈប៉ុន្មានឃ្លាដ៏ភ្ញាក់ផ្អើលថា៖
«ច្បាប់ធ្វើឱ្យមនុស្សថ្លៃថ្នូរ ច្បាប់ធ្វើឱ្យសង្គមជាតិរីកចម្រើន តែបើអ្នករៀនចេះច្បាប់ហើយអត់អនុវត្តច្បាប់ អង្គុយលើច្បាប់ បុគ្គលហ្នឹងអន់ជាងសំរាមទៅទៀត» ។
តែយ៉ាងណាមហាជនច្បាស់ជាមិនអាចទប់អារម្មណ៍ និងហួសចិត្តនឹកស្មានមិនដល់ ក្រោយបានដឹងពីរឿងរ៉ាវពិតមុនពេលក្លាយជាមនុស្សមានសតិមិនល្អបែបនេះឡើយដោយបុរសរូបនេះត្រូវបានហ្វេសប៊ុកលោក San Prum ទម្លាយថាអតីតកាលធ្លាប់បួសរៀនជិត១០វស្សាឯណោះ។ ប្រភពបានបញ្ជាក់ឲ្យដឹងយ៉ាងភ្ញាក់ផ្អើលថា៖
«ខ្ញុំដឹងប្រវត្តិបុរសឈ្មោះ កែវ សុវណ្ណ នេះច្បាស់ជាងអ្នកផុសមួយចំនួនតូចទៅទៀត បើអាណិត កែវ សុវណ្ណ គួរយកគាត់ទៅព្យាបាលបញ្ហាសរសៃប្រសាទរបស់គាត់ ។ ប្រវត្តិខ្លីៗ ៖ កែវ សុវណ្ណ ជាក្មេងកំព្រាហើយធ្លាប់បួសជាព្រះសង្ឃបាន៨វស្សា កាលនៅបួស កែវ សុវណ្ណ ជាសង្ឃដែលប្រឹងរៀនហួសហេតុអត់សឹង១យប់ទល់ភ្លឺក៏មាន ការពិបាកចិត្តក្នុងផ្លូវជីវិតបានធ្វើឱ្យសង្ឃ កែវ សុវណ្ណ ចូលចិត្តប្រើអារម្មណ៍រវើរវាយច្រើន រួមទាំងការប្រឹងរៀនខុសទំនងហួសកម្លាំង សង្ឃ កែវ សុវណ្ណ បានបែកកម្មដ្ឋាន (មានបញ្ហាខួរក្បាល) រហូតសម្រេចចិត្តលាចាកជាសង្ឃចង់ដើរពនេចរតាមដងផ្លូវ» ។
លោក San Prum បានបន្ថែមទៀតថា នៅឆ្នាំ២០១៧ កែវ សុវណ្ណ ស្លៀកខោជើងខ្លីអត់ពាក់អាវ ដៃកាន់បដា១ផ្ទាំងតូចរត់បំបោលចូលផ្ទះសម្ដេចតេជោ តែត្រូវអង្គរក្សឃាត់សួរនាំ កែវ សុវណ្ណ បានឆ្លើយថាចង់ជួប សម្ដេចតេជោ ពិភាក្សាការងារធំៗ ដោយមានការសង្ស័យជាមនុស្សអត់គ្រប់ទឹក អង្គរក្សយាមនៅផ្ទះ សម្ដេចតេជោ ក៏បានឱ្យអារហារនិងទឹកហូបហើយប្រគល់អោយប៉ូលិសប៉ុស្តិ៍សួរនាំបន្ថែម ទើបដឹងច្បាស់ថាជាមនុស្សចូលចិត្តប្រើអារម្មណ៍រវើរវាយរបៀបសរសៃប្រសាទ ប៉ូលិសប៉ុស្តិ៍ក៏ដោះលែងអោយដើរតាមដងផ្លូវរហូតដល់បច្ចុប្បន្នភាព» ៕