ព្រោះតែតម្លៃទាបពេកធ្វើឲ្យកសិករម្នាក់ ប្រកាសកាត់បន្លែឱ្យគោស៊ី!!
(កំពត)៖ កសិករម្នាក់ឈ្មោះ ស៊ូ វាសនា រស់នៅក្នុងភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត បានសរសេរនៅបណ្តាញសង្គមរបស់ខ្លួនថា ស្ពៃក្រញាញ់១គីឡូ ៧០០៛ ( អត់មានអ្នកទិញ) ស្ពៃចង្កឹះ១គីឡូ ៥០០៛ ( អត់មានអ្នកទិញ) សាឡាត់ ១០០ដុំ ១០០០០៛ (អត់មានអ្នកទិញ) មិនដឹងយកទៅលក់នៅណានោះទេពេលនេះ ចឹងមានតែកាត់ឱ្យគោស៊ីហើយ។
នៅក្នុងកិច្ចសម្ភាសជាមួយនឹងសារព័ត៌មានក្នុងស្រុក «កម្ពុជាថ្មី» កសិករ ស៊ូ វាសនា បានឱ្យដឹងថា ខ្លួនបានដាំបន្លែចម្រុះមានជាអាទិ៍ ស្ពៃក្រញាញ់ ស្ពៃចង្កិះ សាឡាត់ និងខាត់ណាជាដើម ដល់រដូវប្រមូលផលឈ្មួញកណ្ដាលបានទម្លាក់តម្លៃ ចន្លោះពី៥០០រៀលទៅ ៧០០រៀល ក្នុងមួយគីឡូក្រាម ខណៈឆ្នាំមុនអាចលក់បានក្នុងតម្លៃចន្លោះពី ២០០០រៀលទៅ៣០០០រៀល ក្នុងមួយគីឡូក្រាម។
លោក ស៊ូ វាសនា បានបន្ថែមថា ក្នុងមួយថ្ងៃ លោកអាចប្រមូលផលបានចន្លោះពី ១០០គីឡូក្រាមទៅ ២០០គីឡូក្រាម ប៉ុន្តែដោយសារឈ្មួញឱ្យតម្លៃទាបពេកមិនអាចរួចថ្លៃដើម និងកម្លាំងពលកម្មមានតែកាត់ឱ្យគោស៊ី។
ក្នុងភូមិរបស់លោកមានពលរដ្ឋជាច្រើនបានប្រកបរបរដាំបន្លែ ហើយសុទ្ធតែបានរអ៊ូរទាំពីការខាតបង់ដើមទុន ដោយសារបន្លែចុះថ្លៃ។ មូលហេតុបន្លែចុះថ្លៃ អាចដោយសារការនាំចូលបន្លែពីប្រទេសជិតខាងច្រើនពេក។
ទាក់ទងនឹងការអះអាងខាងលើអ្នកសារព័ត៌មានខាងលើ មិនទាន់អាចសុំការអធិប្បាយពីមន្ត្រីជំនាញ និងអាជ្ញាធរដែនដីបាននៅឡើយ៕