មានអីត្រូវឆ្ងល់ទៀតទេ?ក្រៅពីបេក្ខជនបាក់ឌុប និងឌីប្លូមឆ្នាំនេះ «ជាប់ស្ថាពរទាំងអស់» បេក្ខជនស្វៃរិន បំពេញវិជ្ជា និងស្វៃរិនបំពេញវិជ្ជា ក៏ត្រូវឱ្យជាប់ស្ថាពរ ផងដែរ!
(ភ្នំពេញ)៖ យោងប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គម តេឡេក្រាម នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹង ក្រៅពីបេក្ខជនបាក់ឌុប និងឌីប្លូមឆ្នាំនេះ
ត្រូវកំណត់ឲ្យ ជាប់ស្ថាពរទាំងអស់ ដោយមិនមានការកំណត់និទ្ទេស, បេក្ខជនស្វៃរិន បំពេញវិជ្ជា និងស្វៃរិនបំពេញវិជ្ជា ក៏ត្រូវឱ្យជាប់ស្ថាពរ ផងដែរ។ នេះ បើយោងតាមការបញ្ជាក់ពី ឯកឧត្តម បណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។
គួរបញ្ជាក់ផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេចឱ្យបេក្ខជនចុះឈ្មោះប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០ ជាប់ជាស្ថាពរ ដោយគ្មានការកំណត់និទ្ទេស។
តាមសេចក្តីជូនដំណឹងរបស់ក្រសួង ការសម្រេចបែបនេះ បានធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
គួរម្លឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានផ្តល់យោបល់ទៅរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ឱ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ឱ្យជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយមិនបាច់ប្រលង។
សម្តេចតេជោ បានផ្តល់យោបល់បែបនេះ ដោយសារតែសម្តេចមិនអនុញ្ញាតឱ្យមានការប្រលង ព្រោះបារម្ភខ្លាចការរីករាតត្បាតជំងឺកូវីដ១៩៕