ហេតុអ្វីត្រូវធ្វើចំណាកស្រុក !! ពលរដ្ឋខ្មែរ ៧នាក់ទៀត ត្រូវបានទាហានថៃចាប់ខ្លួន បន្ទាប់ពីព្យាយាមឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើ
បន្ទាយមានជ័យ៖ ខណៈកំពុងដើរចូលក្នុងទឹកដីថៃ ពលករខ្មែរចំនួន ៧នាក់ ត្រូវបានទាហានថៃចាប់ខ្លួន នៅទីតាំងពីរផ្សេងគ្នា ដោយទីតាំងមួយមានគ្នាចំនួន ៥នាក់ ក្នុងនោះប្រុស៤នាក់ និងស្រី១នាក់ និងមួយទីតាំងទៀតមានគ្នាពីរនាក់ ដោយពួកគេទាំងនោះ បានលួចឆ្លងដែនចូលនៅបរិវេណបង្គោលគីឡូម៉ែត្រ TA.356139 ភូមិដងងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ។
យោងតាមរបាយការណ៍របស់ទាហានប៉ារ៉ា កងរយលេខ1205 និងក្រុមទាហានប៉ារ៉ាលេខ12 នៃកងកម្លាំងបូរផា ដែលបញ្ជូនមកសមត្ថកិច្ចកម្ពុជា បានឱ្យដឹងថា ក្រោយពីសួរនាំ ពលករខ្មែរទាំងនោះ បានធ្វើដំណើរចេញចូលឆ្លងដែនទៅប្រទេសថៃ ដើម្បីស៊ីឈ្នួលធ្វើការងារទូទៅនៅផ្សាររុងគ្លឿ ស្រុកអារញ្ញ ទើបនាំខ្លួនទៅសួរនាំនៅទីបញ្ជារការកងរយទាហានប៉ារ៉ាលេខ1205 នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។
យ៉ាងណាក៏ដោយ ក្រោយពីសមត្ថកិច្ចថៃសាកសួរ អ្នកទាំងនោះ មិនមានលិខិតឆ្លងដែនទេ គឺបានបបួលគ្នាលួចឆ្លងចូលទៅប្រទេសថៃ តាមច្រករបៀង ដោយមិនមានមេខ្យល់នាំផ្លូវ និងមិនអស់ថ្លៃផ្លូវ ដើម្បីទៅស៊ីឈ្នួលធ្វើការងារទូទៅនៅផ្សាររុងគ្លឿ និងគ្រប់គ្នាធ្លាប់ចូល-ចេញ ប្រទេសថៃក្នុងម្នាក់ៗ ពី ២-១២លើក តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក និងតាមច្រករបៀងទើបសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន។
ក្រោយមក ពលក៥នាក់ ក្នុងចំណោម៧នាក់ ត្រូវបានបញ្ជូនទៅឱ្យនគបាលការពារព្រំដែនលេខ124 ភូមិណូនម៉ាកមុន ស្រុកគោកឃ្យូង ដើម្បីបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ តាមផ្លូវដែលបានឯកភាពគ្នា។ ដោយឡែកពលកចំនួន ២នាក់ ដែលចាប់នៅទីតាំងទី២ បានចំណាយលុយឱ្យមេខ្យល់ជនជាតិថៃ ក្នុងម្នាក់ចំនួន ២,៥០០បាត ដើម្បីបាននៅធ្វើការក្នុងទឹកដីថៃ។ នេះបើយោងតាមការឱ្យដឹងពីក្រុមពលករដែលបានបញ្ជូនត្រឡប់មកវិញ។
ប៉ុន្តែទោះយ៉ាងនេះក៏ដោយ បើយោងតាមការឱ្យដឹងពីសមត្ថកិច្ចព្រំដែនកម្ពុជា ឱ្យដឹងថា កងកម្លាំងការពារព្រំដែនរបស់ថៃ បានបន្តឹងការត្រួតពិនិត្យមនុស្សក្នុងផ្ទះគោលដៅ តាមវិធានការរឹតបន្តឹងការពារការរាត្បាតជំងឺកូវីដ-១៩ នៅបរិវេណភូមិទ័ពសះយ៉ាម ឃុំតាព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ត្រង់បង្គោលគីឡូម៉ែត្រ TA.577365 និងចាប់បានពលករខ្មែរជាបន្តបន្ទាប់រួចមកហើយក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ៕