ចូលរួមទាំងអស់គ្នាដើម្បីទិញវ៉ាក់សំាងកូវីដ-១៩! សាយបង្កើត Challenge ថ្មីមួយទៀត រកថវិកាទិញវ៉ាក់សាំងកូវីដ-១៩
ក្រោយទទួលបានចូលរួមយ៉ាងច្រើនក្នុង Challenge “១ដុល្លារ ដើម្បីកុមារកម្ពុជា” សាយ បានប្រកាសចាប់ផ្ដើមនូវ Challenge ថ្មីមួយទៀត នាយប់ថ្ងៃទី១២ ខែធ្នូនេះ គឺ Challenge ដែលមានឈ្មោះថា “”២ដុល្លារ ដើម្បីវ់ាក់សាំងកូវីដ ១លានដូសសម្រាប់កម្ពុជា”។
សាយ បញ្ជាក់នៅក្នុងវីដេអូផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា Challenge ឬហ្គេមថ្មីនេះ បង្កើតឡើងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជា ជាពិសេសអ្នកដែលប្រឈមនឹងជំងឺនេះខ្លាំង។ មិនខុសពី Challenge “១ដុល្លារ ដើម្បីកុមារកម្ពុជា” នោះទេ, Challenge ថ្មីនេះ គឺឈរលើគោលការណ៍ ការចូលរួមម្នាក់បន្តិច ដើម្បីទាំងអស់គ្នា។
ជាក់ស្ដែង ត្រឹមម្នាក់ ១ដុល្លារ ក្នុង Challenge “១ដុល្លារ ដើម្បីកុមារកម្ពុជា” គឺទទួលបានទឹកប្រាក់ដល់ទៅជាង ១៣ម៉ឺនដុល្លារត្រឹមរយៈពេល១ថ្ងៃដំបូង និងជាង ១៣ម៉ឺនដុល្លារទៀត នាថ្ងៃទី២ ហើយ challenge នេះ បានរួមចំណែកយ៉ាងច្រើន ក្នុងថវិកាសរុបនៃកម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយសាយ (RUN WITH SAI) ដែលគិតត្រឹមថ្ងៃនេះ គឺបានជាង ១៧០០លានរៀលហើយ។
សាយ បានបន្ថែមថា ការចូលរួមម្នាក់បន្តិចនេះ គឺពិតជាសំខាន់ណាស់ ត្បិតកម្ពុជាកំពុងទទួលរងនូវការឆ្លងកូវីដ-១៩ ក្នុងសហគមន៍។ មិនខុសពីប្រទេសនានាក្នុងលោកនោះទេ កូវីដ-១៩ បានបង្កផលប៉ះពាល់យ៉ាងច្រើន ដល់មនុស្សជាតិ។ ដើម្បីឆ្លងផុតពីពេលវេលាដ៏លំបាកនេះ ទាមទារការចូលរួមពីទាំងអស់គ្នា ដែលសាយ បានសង្កត់ធ្ងន់ថា៖ “សូមឲ្យយើងទាំងអស់គ្នា គិតថាខ្លួនយើង គឺជាចំណែកមួយនៃដំណោះស្រាយ”។
ដើម្បីចូលរួមក្នុង Challenge ថ្មីនេះ ប្រិយមិត្តគ្រាន់តែបរិច្ចាគថវិកា ២ដុល្លារ (ឬច្រើនជាងនេះក៏បាន) រួច screenshot បង្ហោះលើគណនីបណ្ដាញសង្គមរបស់ខ្លួន រួមជាមួយរូបភាព Artwork លេខគណនីធនាគារ (ខាងលើ) និង Tag មិត្តភក្ដិរបស់អ្នកចំនួន ១០នាក់។
សូមទស្សនាវីដេអូផ្សាយផ្ទាល់របស់សាយ ខាងក្រោមនេះ៖
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១២ ខែធ្នូ សាយបានរត់មកដល់ចម្ការរបស់ខ្លួននៅក្នុងខេត្តរតនគិរីហើយ ពោលគឺបានជាង ១ពាន់គីឡូម៉ែត្រហើយ នៃដំណើរផ្លូវក្នុងកម្មវិធី RUN WITH SAI។ នៅថ្ងៃទី១៣ ខែធ្នូស្អែកនេះ សាយ នឹងបន្តរត់ទៅកាន់ក្រុងបានលុង ទីរួមខេត្តរតនគិរី ដែលជាស្រុកកំណើតរបស់ខ្លួន។ ចំពោះសុខភាពវិញ សាយមិនមានបញ្ហានោះទេ គ្រាន់តែរលាកបំពង់កបន្តិចបន្តួច ដោយសារបញ្ហាអាកាសធាតុ។ អ្វីដែលសាយបារម្ភ គឺបញ្ហាកូវីដដែលឆ្លងដល់សហគមន៍។ ក្រៅពីបង្កើត Challenge ថ្មី ដើម្បីរកថវិកាទិញវ៉ាក់សាំង សាយក៏បានអំពាវនាវឲ្យបងប្អូនថែរក្សាសុខភាព និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល៕