ភរិយាលោកឧកញ៉ា ម៉ុង ឫទ្ធី ទទួលងារជា «ជំទាវប្រហុក»
ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ម៉ុង ឫទ្ធី បានដាក់ងារឲ្យភរិយារបស់លោកថាជា «ជំទាវប្រហុក»។ នេះមកពីភរិយារបស់លោក បានចាប់ផ្តើមធ្វើប្រហុកត្រីធំ ឲ្យបាន ១៥០តោន នៅឆ្នាំនេះ ដោយត្រៀមថវិកា ៥០ម៉ឺនដុល្លារ។
នៅព្រលប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូនេះ លោកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះតាមហ្វេសប៊ុកថា «ចាប់ពីថ្ងៃសុក្រទី៤ រហូតមកដល់ថ្ងៃព្រហស្បតិ៍ទី១០ ខែធ្នូ ឆ្នាំ២០២០នេះ លោកជំទាវប្រហុកបានដឹកនាំកម្លាំងពលកម្ម មានខ្មែរឥស្លាម រួមជាមួយអ្នកភូមិ
កែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុផង សរុបចំនួន ១៥៣នាក់ រហូតមកដល់ថ្ងៃនេះ ពួកគាត់ធ្វើប្រហុក បានចំនួន ៩១តោន៥២១គីឡូក្រាមហើយ ប្រហែលជាបីថ្ងៃទៀត នឹងត្រូវបិទបញ្ចប់កម្មវិធីធ្វើប្រហុក សម្រាប់ឆ្នាំ២០២០ នេះហើយ»។
លោកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានលើកឡើងថា ជារាងរាល់ថ្ងៃ នៅមុនពេលចូលធ្វើការ មានមេការជាអ្នកណែនាំអោយកម្មករទាំងអស់ ត្រូវពាក់ម៉ាស់ការពារសុវត្ថិភាពពីជំងឺកូវីដ-១៩។ ចំណែកឯបងប្អូនកម្មករ មកធ្វើត្រីប្រហុក មានខ្មែរឥស្លាម មកពីច្រាំងចំរេះ ចំនួន ៤០នាក់ និងកម្មករ មកពីភូមិខ្មែរយើង ចំនួន ៩០នាក់ សរុបទាំងអស់ ១៣០នាក់។
ជារៀងរាល់ថ្ងៃ លោកជំទាវ តែងតែចំអិនអាហារពីរមុខ ដោយផ្ទាល់ដៃ ឲ្យហូប ៣ ពេល ជារៀងរាល់ថ្ងៃ បន្ថែមលើប្រាក់ពលកម្ម។
លោកឧកញ៉ា បន្តថា ក្នុងគំរោងការធ្វើត្រីប្រហុកនៅឆ្នាំនេះ មានចំនួន ១៥០តោន អាចលើស ឬខ្វះអាស្រ័យលើការចាប់ត្រីបាន ព្រមទាំងត្រៀមពាងអុងចំនួន ១៥០ពាង សម្រាប់ញាត់ចូល ដើម្បីរក្សាទុករយៈពេល ០១ឆ្នាំ ទើបអាចយកមកបរិភោគបាន។
លោកឧកញ៉ា ក៏បានបញ្ជាក់ថា លោកជំទាវរបស់លោក បានត្រៀមថវិកា ចំនួន ៥០ម៉ឺនដុល្លារអាមេរិក សម្រាប់ចំណាយធ្វើត្រីប្រហុក ឆ្នំា២០២០ នេះ៕