រដ្ឋបាលខណ្ឌបានអប់រំបុរសម្នាក់ ដែលបោះចោលម៉ាស អំឡុងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
រាជធានីភ្នំពេញ ៖ លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការចែករំលែកនូវវីដេអូឃ្លីបមួយ ដែលបុរសម្នាក់បានបោះចោល មិនទទួលយកម៉ាស ពីក្រុមការងាររបស់សង្កាត់ភ្នំពេញថ្មី ដែលចុះផ្សព្វផ្សាយ និងចែកម៉ាសដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់មក រដ្ឋបាលខណ្ឌសែនសុខ បានចាត់វិធានការតាមស្វែងរកបុរសនៅក្នុងវីដេអូរូបនេះ ដើម្បីអញ្ជើញមកធ្វើការអប់រំ ។
នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌសែនសុខ បានរកឃើញ និងអញ្ជើញបុរសរូបនេះមានឈ្មោះ រនី សាគី អាយុ៣៩ឆ្នាំ មានទីលំនៅភូមិច្រាំងចំរេះទី ៨ សង្កាត់ច្រាំងចំរេះ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មកធ្វើការអប់រំ ណែនាំ អំពីវិធានការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ។
លោក រនី សាគី ដែលបានបោះម៉ាសចោល ក៏បានទទួលស្គាល់នូវកំហុសរបស់ខ្លួនផងដែរ និងធ្វើការសុំទោសជាសាធារណៈ សន្យាមិនឲ្យមានកំហុសនេះកើតឡើងជាថ្មីទៀតនោះទេ និងចូលរួមអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន ។
ជាមួយគ្នានេះដែរ អាជ្ញាធរខណ្ឌសែនសុខ សូមធ្វើការអំពាវនាវដល់សាធារណជន បន្តអនុវត្តអោយបានម៉ត់ចត់ នូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស រក្សាគម្លាត១,៥ ម៉ែត្រ និងលាងដៃដោយអាល់កុល ឬជែលសម្លាប់មេរោគ ៕