ព័ត៌មានថ្មី ! ក្រសួង លែងបង្ហាញមុខអ្នកឆ្លងកូវីដ១៩ទៀតហើយ ដោយសារករណីឆ្លងហាក់ដូចជាថមថយ និងដើម្បីគោរពសិទ្ធិបុគ្គល
ភ្នំពេញ៖ នៅថ្ងៃនេះ មានករណីឆ្លងកូវីដ១៩ ថ្មី ចំនួន ២នាក់ ដោយម្នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា និងម្នាក់ទៀតជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស។ ប៉ុន្តែក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល មិនបានបង្ហាញមុខអ្នកទាំង ២ឡើយ។
ឆ្លើយទៅនឹងសំណួរអ្នកសារព័ត៌មានអំពីបញ្ហានេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងដាក់រូបថតអ្នកដែលឆ្លងកូវីដ១៩ តែពេលដែលសកម្មក្នុងការរុករកប៉ុណ្ណោះ។ តែពេលនេះ មិនមានតម្រូវការដាក់ទៀតទេ ដោយឈរលើការគោរពសិទ្ធិរបស់បុគ្គល ដោយដាក់ត្រឹមឈ្មោះសិន ហើយលោកស្រីសូមការយោគយល់លើបញ្ហានេះ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមថា “ករណីឆ្លងហាក់ ដូចជាថមថយខ្លះៗហើយ។ ម្យ៉ាងយើងក៏ត្រូវតែគិតពីសេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់បុគ្គល គ្មាននរណាម្នាក់ចង់ឲ្យមានការឆ្លងនោះឡើយ។ អ្វីដែលសំខាន់នោះ គឺយើងត្រូវតែបន្តការប្រុងប្រយ័ត្នថែមទៀត ក្រែងលោ វីរុសកូវីដ-១៩ នេះ វានៅចរាចរកន្លែងផ្សេងទៀតដែលយើងមិនទាន់បានដឹង ព្រោះពេលនេះ គឺជាការចម្លងក្នុងសហគមន៍ជាចង្កោម និងដោយកន្លែង ហើយហានិភ័យខ្ពស់នៅឡើយ”។
គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៥៦នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយ ចំនួន៣០៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានចំនួន ៤៩នាក់៕