បន្ទាន់ កូវីដបានចរយាត្រាទៅដល់មណ្ឌលគិរីហើយ សូមប្រយ័ត្នផង! អាជ្ញាធរខេត្តមណ្ឌលគិរី សម្រេចផ្អាកអាជីវកម្ម Relax Hill Resort នៅក្រុងសែនមនោរម្យ ក្រោយដឹងថា អ្នកឆ្លងកូវីដម្នាក់ បានទៅទីនោះ
មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី បានសម្រេចឲ្យបិទអាជីវកម្មទីតាំង Relax Hill Resort ដែលមានទីតាំងនៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ក្រោយដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ ម្នាក់ ធ្លាប់បានទៅទីនោះ អំឡុងថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។
ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងសែនមនោរម្យ នៅថ្ងៃទី៩ ខែធ្នូនេះ បានឱ្យដឹងថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កន្លងមកមានភ្ញៀវ ឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានទៅលេងនៅទីនោះ និងស្នាក់នៅមួយយប់ផងដែរ។
ដើម្បីចូលរួមការពារ នៃការរីករាលដាលក្នុងសហគមន៍ដែលមានផលប៉ះពាល់ និងបង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ រដ្ឋបាលក្រុងសែនមនោរម្យ បានឱ្យម្ចាស់អាជីវកម្មខាងលើ ត្រូវផ្អាកធ្វើអាជីវកម្មបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។
បន្ថែមពីនេះ រដ្ឋបាលក្រុង បានណែនាំឲ្យអ្នកពាក់ព័ន្ធដែលបានប៉ះពាល់មានចំនួន០៧នាក់ ស្រ្តីចំនួន ០៤នាក់ ត្រូវធ្វើតេស្តយកវត្ថុសំណាករកមេរោគកូវីដ១៩ និងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅទីតាំង Relax Hill Resort ជាកំហិត និងសូមបងប្អូនដែលបានស្នាក់នៅ Relax Hill Resort ខាងលើចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ មកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ និងត្រូវទៅធ្វើតេស្តយកវត្ថុសំណាក រកមេរោគកូវីដ១៩៕