ហួសចិត្ត ! ស្ត្រីចំណាស់ម្នាក់ បានដោះស្បែកជើងដេញវ៉ៃសន្តិសុខផ្សារគ្រាន់តែឲ្យម៉ាស់ពាក់មុនចូលផ្សារ ថែមទាំងស្រែកជេរបញ្ជោរថា «ពួកហ្អែងមើលងាយអ្នកក្រ»
រាជធានីភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ បានដោះស្បែកជើងដេញវ៉ៃសន្តិសុខផ្សារ ស្រែកជេរបញ្ចោរផ្អើលផ្សារច្បារអំពៅ គ្រាន់តែសន្តិសុខយកម៉ាសឲ្យគាត់ពាក់មុនពេលដើរចូលផ្សារ ដើម្បីថែរក្សាសុខភាព និងការពាររីករាលឆ្លងជំងឺកូវីដតែប៉ុណ្ណោះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិកណ្តាលសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក សាន់ ប៊ុនណា ប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅ បានថ្លែងប្រាប់អ្នកកាសែតថា ស្ត្រីចំណាស់ខាងលើ ធ្វើដំណើរដោយថ្មើរជើងចូលមកផ្សារ ដើម្បីទិញបន្លែ ប៉ុន្តែមិនបានពាក់ម៉ាស។
ឃើញបែបនេះ ក្រុមសន្តិសុខបានយកម៉ាសជូនគាត់ពាក់ ស្រាប់តែពេលនេះ ស្ត្រីចំណាស់រូបនេះ បានផ្ទុះកំហឹងដោះស្បែកជើងវ៉ៃមកសន្តិសុខ រួចជេរមកក្រុមសន្តិសុខថា« ពួកហ្អែងមើលងាយអ្នកក្រ» ដែលកាយវិការបស់មិនសមទំនងរបស់ស្រ្តីខាងលើ ធ្វើឲ្យអ្នកផ្សារមានការខឹងសម្បាយ៉ាងខ្លាំង ហើយនាំគ្នាដេញស្ត្រីខាងលើចេញពីផ្សារ ព្រោះខ្លាចទ្រាំកំហឹងមិនបាន។
លោក សាន់ ប៊ុនណា បន្តថា សកម្មភាពរបស់ស្ត្រីខាងលើ គឺធ្វើផ្ទុយពីសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលតម្រូវឲ្យមនុស្សគ្រប់រូបមិនថាឋានៈអ្វី គឺត្រូវពាក់ម៉ាសព្រមទាំងលាងសំអាតដៃដោយអាកុលឬសាប៊ូ ទើបជម្នះបាននូវជំងឺឆ្លងរាលដាលពីជំងឺកូវីដ១៩នេះ។ អ្នកផ្សារនិយាយថា បើអ្នកណាមិនពាក់ម៉ាសទេ គឺដាច់ខាតមិនឲ្យចូលផ្សារ ព្រោះខ្លាចឆ្លងជំងឺកូវីដ១៩ដល់មនុស្សគ្រប់ៗគ្នា។
លោកប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅ បានបញ្ជាក់ថា បើអ្នកណាមិនពាក់ម៉ាសទេ គឺដាច់ខាតមិនឲ្យចូលផ្សារ ព្រោះខ្លាចឆ្លងជំងឺកូវីដ១៩ ដល់មនុស្សគ្រប់ៗគ្នា៕
គួរបញ្ជាក់ថា ផ្សារបន្លែច្បារអំពៅមានទីតាំងស្ថិតនៅភូមិកណ្តាលសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕