សម្តេចតេជោ បន្ថែមគណនីធនាគារ ២ទៀត គឺធនាគារអេស៊ីលីដា និងភ្នាក់ងារវីង ដែលអាចបរិច្ចាគប្រាក់សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩សម្រាប់ចាក់ជូនប្រជានឲ្យបានរហូតដល់១០លាននាក់!
ភ្នំពេញ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រលប់ថ្ងៃទី៨ ខែធ្នូនេះ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការថា ស្មារតីសាមគ្គីភាព វប្បធម៍នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជា មានធំធេងមហាសាលដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា មកដល់ពេលនេះ ថវិកាដែលសប្បុរសជនចូលតាមតិចតាមច្រើន តាមសទ្ធាជ្រះថ្លា មានប្រមាណជាង ៣០លានដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា “ដោយមានសំណូមពរពីប្រជាជនយើង ខ្ញុំព្រះករុណាខ្ញុំ សុំបន្ថែមគណនី២ទៀតនៅធនាគារអេស៊ីលីដា និងភ្នាក់ងារវីង ដែលអាចផ្ទេរជាប្រាក់រៀល និងប្រាក់ដុល្លារដោយមិនមានការបង់សេវា។ សម្រាប់វីង ចំពោះប្រាក់រៀលគឺ 9992, ប្រាក់ដុល្លារគឺ 9991។ ចំពោះអេស៊ីលីដា ប្រាក់រៀលគឺ 00010556999989, ចំពោះប្រាក់ដុល្លារគឺ 00010556999999។
សូមជនរួមជាតិយើង ដែលចង់ចូលរួមផ្ញើប្រាក់តាមរយៈលេខគណនីខាងលើនេះ ដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលខ្ញុំព្រះករុណាខ្ញុំ មានបំណងចាក់ជូនប្រជាជន ឱ្យបាន ១០លាននាក់ ដែលត្រូវការវ៉ាក់សាំងរហូត ២០លានដូស និងតម្រូវការចំពោះមុខនាដំណាក់កាលទីមួយចំនួន ១លានដូសសម្រាប់ចាក់ជូន៥០ម៉ឺននាក់ ដែលកំពុងបំពេញការងារនៅកន្លែងដែលមានហានិភ័យ និងកំពុងមានហានិភ័យដែលអាទិភាពផ្តល់ជូនគ្រូពេទ្យគ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៍គ្រប់ប្រភេទរហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ។”
សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា កម្ពុជាយើងពិតជាអាចធ្វើបានក្នុងស្មារតីសាមគ្គី និងការចូលរួមដូចសព្វថ្ងៃនេះ៕