បុត្រាប្រុស ស្រីទាំង ៥ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបរិច្ចាគថវិកាសរុប ៥ម៉ឺនដុល្លារជូនសម្តេចតេជោដើម្បី ទិញវ៉ាក់សាំងកូវីដ១៩
បន្ទាប់ពីសម្តេចហ៊ុន សែនប្រកាសកាលពីល្ងាចថ្ងៃចន្ទម្សិលមិញពីការទិញវ៉ាក់សាំងការពារកូវីដ ១៩បុត្រាប្រុស ស្រីទាំង ៥ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបរិច្ចាគថវិកាសរុប ៥ម៉ឺនដុល្លារជូនសម្តេចតេជោដើម្បី ទិញវ៉ាក់សាំងកូវីដ១៩។
ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ថវិកា១ម៉ឺនដុល្លារ,លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា ថវិកា១ម៉ឺនដុល្លារ, ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ថវិកា១ម៉ឺនដុល្លារ, ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ថវិកា១ម៉ឺនដុល្លារ និងលោកជំទាវ ហ៊ុន ម៉ាលី និងឯកឧត្តម សុខ ពុទ្ធិវុធ ថវិកា១ម៉ឺនដុល្លារ កូនៗទាំង៥នាក់របស់សម្តេចតេជោ ហ៊ុន សែន រួមគ្នាបរិច្ចាគថវិកា ៥ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។
ការប្រកាសរបស់ កូនសម្តេចទាំង ៥នាក់ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ថវិកាដែលសប្បុរសជនចូលរួមរហូតពេលនេះ មានជាង១៨លានដុល្លារអាមេរិក។