ក្តៅៗ ! ក្រសួងអប់រំ ដាក់ចេញវិធានការការពារកូវីដ-១៩ ក្នុងថ្ងៃប្រទ្បងសញ្ញាបត្រមធ្យមទុតិយភូមិ
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញវិធានការការពារកូវីដ-១៩ ដល់គណៈមេប្រយោគ គណៈកម្មការ និងបេក្ខជនប្រទ្បង ក្នុងថ្ងៃប្រទ្បងសញ្ញាបត្រមធ្យមទុតិយភូមិ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។
ក្រសួងអប់រំ បានណែនាំគណៈមេប្រយោគ គណៈកម្មការ និងបេក្ខជនប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវប្រើប្រាស់សម្លៀកបំពាក់សមរម្យ មានផាសុខភាព វាស់កម្តៅ និង លាងសម្អាតដៃមុនចូលប្រទ្បង។
ក្នុងករណីរកឃើញអ្នកមានកម្តៅ លើសពី ៣៧,៥ អង្សាសេ ត្រូវណែនាំឱ្យសម្រាកនៅបន្ទប់សុខភាព ដែលបានរៀបចំ និងត្រូវវាស់កម្តៅម្តងទៀតជាលើកទី២ ក្រោយរយៈពេល៥នាទី និងអនុញ្ញាតឱ្យចូលបន្ទប់ប្រឡង និងកន្លែងបំពេញភារកិច្ចរបស់ខ្លួន ប្រសិនបើកម្តៅត្រឡប់មកធម្មតាវិញ។ ករណីដែលវាស់កម្ដៅលើកទី២ នៅតែខ្ពស់លើសពី ៣៧,៥ អង្សាសេដដែលចំពោះបេក្ខជន ត្រូវបញ្ជូនគាត់ទៅបន្ទប់ប្រឡងដាច់ដោយឡែកដែលបានត្រៀមទុក។ ចំណែកឯគណៈមេប្រយោគ និងគណៈកម្មការនានា ត្រូវអនុញ្ញាតឱ្យឈប់សម្រាក និងណែនាំឱ្យរកសេវាសុខភាពសមស្រប៕