ប្រុងប្រយ័ត្នទាំងអស់គ្នា !! ក្រសួងរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ១០នាក់បន្ថែមទៀត សម្រាប់លទ្ធផលតេស្តម្សិលមិញ
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃសៅរ៍នេះ បានឲ្យដឹង មនុស្ស ៤នាក់ថ្មី ដែលបានឆ្លងជំងឺកូវីដ ១៩ គឺជាអ្នកដំណើរចូលមកកម្ពុជា ដែលមិនពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» នោះទេ។ អ្នកទាំង ៤នាក់ មានជនជាតិខ្មែរ ១នាក់ ដែលបានធ្វើដំណើរមកពីប្រទេសចិន និងមកដល់កម្ពុជា កាលពីថ្ងៃទី ២០ខែវិច្ឆិកា ដោយលទ្ធផលធ្វើតេស្តសំណាករបស់គាត់ នៅថ្ងៃទី ១៣នៃការធ្វើចត្តាឡីស័ក ទើបមានលទ្ធផលវិជ្ជមានកូវីដ ១៩។ ចំណែក ៣នាក់ទៀត គឺជាបុរសជនជាតិអាមេរិក ដែលមានធ្វើដំណើរមកពីប្រទេសចិន និងបន្តជើងហោះហើរពីប្រទេសចិនជាដើម។
រីឯមនុស្ស ៦នាក់ ដែលបានពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» គឺជាបុគ្គលិកក្នុងហាង Pedro នៅផ្លូវព្រះសីហនុ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ ជាស្ត្រីវ័យ ២១ឆ្នាំ ដែលបានរកឃើញមានផ្ទុកជំងឺកូវីដ ១៩ កាលពីថ្ងៃទី ២ខែធុ្នូកន្លងទៅ។
យ៉ាងណាមិញ ជាមួយនឹងដំណឹងអ្នកឆ្លងថ្មី ក៏មានការកើនឡើងនូវចំនួនអ្នកជាសះស្បើយថ្មី ១នាក់ទៀតដែរ! អ្នកជាសះស្បើយថ្មី គឺជាស្ត្រីជនជាតិខ្មែរ អាយុ ៤៩ឆ្នាំ ដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក និងបានមកដល់កម្ពុជា កាលពីថ្ងៃទី ១៦ខែវិច្ឆិកា។
ដូច្នេះ គិតត្រឹមថ្ងៃទី ៥ខែធ្នូ ឆ្នាំ ២០២០នេះ ចំនួនអ្នកឆ្លងកូវីដ ១៩ ជាសរុប នៅកម្ពុជា បានកើនឡើងដល់ ៣៤៥នាក់ ដោយក្នុងនោះ មានស្ត្រី ៨០នាក់ និងបុរស ២៦៥នាក់។ និយាយដោយឡែក តែសម្រាប់ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» គឺមានអ្នកឆ្លងសរុប ២៩នាក់ គិតមកដល់ពេលនេះ ក្រោយពេលក្រសួងសុខាភិបាល បានធ្វើតេស្តលើអ្នកប៉ះពាល់ បានចំនយន ១០,១៤៧នាក់ ចន្លោះពីថ្ងៃទី ២៩ខែវិច្ឆិកា ដល់ ៣ធ្នូ ឆ្នាំ ២០២០។ រីឯ អ្នកជាសះស្បើយវិញ បានកើនឡើងដល់ ៣០៥នាក់ ដោយមានស្រ្តី ៦២នាក់ និងបុរស ២៤៣នាក់៕