ពេលនេះក្រសួងសុខាភិបាលវាយតម្លៃថា ប្រភពមេរោគកូវីដ១៩នៃ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» អាចមកពីតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅថ្ងៃនេះបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការស្រាវជ្រាវរកប្រភពចម្លងវីរុសកូវីដ១៩ ពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»។
ជំនាញក្រសួងបានវាយតម្លៃថា ករណីផ្ទុះសហគមន៍ ២៨វិច្ឆិកា គឺមិនជាប់ទាក់ទិននឹងព្រឹត្តិការណ៍ ៣វិច្ឆិកា នៃវត្តមានរដ្ឋមន្ត្រីការបរទេស ហុងគ្រី នោះទេ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនៅព្រលប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នេះ ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធជំងឺកូវីដ-១៩ ថ្លែងថា ៖
១-ប្រភពមេរោគដែលពាក់ព័ន្ធទៅនឹង «ព្រឹត្តិការណ សហគមន៍២៨វិច្ឆិកា» អាចជាក្រុមវីរុស clad 19B ដែលអាចមកពីតំបន់អាស៊ី អាហ្វ្រិក និង អូស្ត្រាលី ដែលបានចរាចរចូលមកកម្ពុជាក្នុងអំឡុងពេលខែតុលា ឆ្នាំ២០២០ មកទល់នឹងពេលមានផ្ទុះករណីឆ្លង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។
២-តាមការពិចារណាដោយហ្មត់ចត់លើលទ្ធផលនៃការសិក្សាវត្ថុសំណាកអ្នកជំងឺបំបែកបន្តៗគ្នារកភាពដូចគ្នានៃវីរុសកូវីដ-១៩ ទៅនឹងសំណាករូបរាងវីរុសកូវីដ-១៩ ពីតំបន់ផ្សេងៗគ្នា បានបង្ហាញថា «គឺមិនមានការទាក់ទងនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា នោះទេ»។
៣-ជំហានបន្ទាប់ ក្រុមការងារកំពុងស្រាវជ្រាវបន្ថែមអំពីប្រភពចម្លងវីរុសកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ៕