សូមបង្កើនការប្រុងប្រយ័ត្ន ៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់ថែមទៀត
ជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់ថែមទៀត ជាបងប្អូននឹងគ្នា ដែលជាអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្នុងនោះមានស្រ្តីម្នាក់ ធ្វើការជាបុគ្គលិកធនាគារឯកជនមួយកន្លែង នៅរាជធានីភ្នំពេញ។
ក្នុងសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល បានបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (មានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដែលអវិជ្ជមានវីរុសកូវីដ-១៩) ។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូ វៀត រាជធានីភ្នំពេញ និងម្នាក់ទៀត ជាស្ត្រីជនជាតិខ្មែរអាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្អូនស្រីបង្កើតស្ត្រីខាងលើ) ជាបុគ្គលិកធនាគារកាឆេយូណាយធីត រាជធានីភ្នំពេញ។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពីសម្ដេច ហ៊ុន សែន និងដោយធនាគារកាធេយូណាធីត (នៅផ្លូវសម្ដេចប៉ាន រាជធានីភ្នំពេញ) មានបុគ្គលិកជាច្រើនដែលកំពុងបម្រើការនៅទីនោះ ធនាគារកាធេនេះ ត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្នសិន ក្នុងរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃ ទី០៣ ខែធ្នូ ឆ្នាំ២០២០នេះតទៅ ដើម្បីក្រុមការងារក្រសួងសុខាភិបាល ចុះយកវត្ថុសំណាក់បុគ្គលិកទាំងអស់នេះ និងតម្រូវឱ្យបុគ្គលិកទាំងអស់នេះ ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃផងដែរ។
ក្រសួងបន្តថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកដែលនៅសល់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ចំនួន ១,០៨១នាក់ បូកបន្ថែមចំនួនវត្ថុសំណាកទទួលបានបន្ថែម នៅថ្ងៃដដែលពីខេត្ត និងរាជធានីភ្នំពេញ សរុបមានចំនួន ៥៥៤ នាក់ ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០២នាក់ (ដែលជាអ្នកជំងឺខាងលើនេះ)។ ដោយឡែកមាននៅសល់វត្ថុសំណាកចំនួន ៩៦សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។
បើគិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់បានចំនួន ៨,៧៦៦នាក់ ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន១៩នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» សូមធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃឱ្យបានត្រឹមត្រូវ និងអនុវត្តន៍វិធានការការពារការចម្លងវីរុសកូវីដ-១៩ ទៅតាមសារណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរបស់ក្រសួងសុខាភិបាល ឱ្យបានហ្មត់ចត់ជាទីបំផុត ហើយកុំដើរចេញ ក្រៅផ្ទះ ឬចេញពីមណ្ឌលចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះឱ្យសោះ ដើម្បីទប់ស្កាត់ការ ចម្លងវីរុសដ៏កាចសាហាវនេះ ពីម្នាក់ទៅម្នាក់ និងកុំឱ្យមានការរាតត្បាតនៅក្នុងសហគមន៍៕