សូមជួយគាត់ផង ! ស្ត្រីខ្មែរម្នាក់ ចាញ់បោកមេខ្យល់ ជាប់នៅប្រទេសចិន គេបង្ខំអោយយកប្តី បើមិនព្រម គេនឹងយកទៅលក់ក្នុងហាងស្រីខូច…
កាលពីយប់ម្សិលមិញនេះ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មានម្ចាស់គណនី ហ្វេសប៊ុកមួយ ដែលមានឈ្មោះ វាសនា កូនស្រី ទីបួន បានប្រកាសស្នើសុំឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រ កម្ពុជា ឬអង្គការសិទ្ធិមនុស្ស មេត្ដាជួយយករូបនាង ពីប្រទេសចិនមកកាន់ ប្រទេសកម្ពុជាវិញផង ព្រោះតែរូបនាង ត្រូវបានចាញ់បោកមេខ្យល់
នាំយកមកប្រទេសចិន និងបានបង្ខំនាងឲ្យយកប្ដីនៅទីនោះ ប្រសិនបើនាងមិនព្រមទេ គឺគេនឹងយកនាងទៅលក់ក្នុងហាងស្រីខូចតែម្ដង! អ្វីដែលកាន់តែរន្ធត់ចិត្តទៀតនោះ គឺនាងត្រូវបានគេចាប់បង្ខំឲ្យរួមភេទ រហូតដល់ថ្នាក់នាង ទទួលរងរបួសត្រង់ស្បូនយ៉ាងដំណំ។ ប្អូនស្រីបានសរសេររៀបរាប់ទាំងក្ដីឈឺចាប់ អមមកជាមួយរូបថតប៉ុន្មានសន្លឹក កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ដោយមានខ្លឹមសារថា៖
“នាងខ្ញុំឈ្មោះ ធួក សុភី អាយុ២០ឆ្នាំ រស់នៅ ភូមិឃ្សឹមក្រៅ ឃុំឃ្សឹមក្រៅ ស្រុកស្នួល ខេត្តក្រចេះ។ ថ្ងៃនេះខ្ញុំសុំពឹងបងប្អូនជួយស៊ែរអោយបានដល់បងៗខាងការងារសិទ្ធមនុស្សនិងសមត្ថកិច្ច សូមអោយជួយខ្ញុំផង ពេលនេះខ្ញុំជាប់នៅប្រទេសចិន ចាញ់បោកមេខ្យល់ គ្មានសេរីភាពទេ ហើយគេបង្ខំអោយខ្ញុំយកប្ដីនៅទីនេះ គេថាបើខ្ញុំមិនយកប្ដីគេទេ
គេនឹងយកខ្ញុំទៅលក់ក្នុងហាងស្រីខូចហើយ ទូរស័ព្ទគ្មានសុីមប្រើទេ ហើយទូរស័ព្ទក៏ត្រូវកាត់ផ្ដាចខ្សែរសម្លេងទៀត និយាយអត់កើតទេ បានតែសសេរ សូមអោយពុកម៉ែបងប្អូនជួយស៊ែរអោយបានដល់ខាងបងៗសិទ្ធិមនុស្ស និងសម្ដេច ហ៊ុន សែន សូមមេត្តាជួយយកខ្ញុំចេញអោយមានសេរីភាពផង គេមិនអោយខ្ញុំចេញក្រៅផ្ទះ ឬក៏និយាយជាមួយគ្រួសារទេ ខ្ញុំគ្មានសេរីភាពទេ
ខ្ញុំចាញ់បោកគេនៅប្រទេសចិនហើយ នៅខាងខេត្តហឺនណាន សូមពុកម៉ែបងប្អូនជួយស៊ែរបន្ដអោយបានដល់សម្ដេច ហ៊ុន សែន បានឃើញ និងជួយយកខ្ញុំចេញពីប្រទេសចិនឆាប់ៗផង ខ្ញុំមិនចង់នៅទេ ហើយសូមអោយបងៗខាងសិទ្ធិមនុស្សជួយខ្ញុំផង ខ្ញុំចង់មានសេរីភាព និងចង់ជួបគ្រួសារខ្ញុំវិញ ពេលនេះខ្ញុំសម្ពាធខ្លាំងណាស់
ត្រូវគេបិទសេរីភាព ហើយគេបង្ខំអោយមានកូនអោយគេអោយឆាប់ទៀត នៅក្នុងតែផ្ទះចេញក្រៅមិនបានទេ សូមសម្ដេចពុក ហ៊ុន សែន និងបងៗសិទ្ធិមនុស្សជួយខ្ញុំផង ក្រោមនេះជាឈ្មោះប្ដីចិន និងអាស័យដ្ឋាន”។ លុះដល់យប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ម្ចាស់គណនីរូបនេះ ក៏បានបង្ហោះសារបន្ថែមឲ្យដឹងទៀតថា៖
“នាងខ្ញុំឈ្មោះ ធួក សុភី អាយុ២០ឆ្នាំ ស្រុកកំណើតនៅ ស្រុកស្នួល ខេត្តក្រចេះ ភូមិឃ្សឹមក្រៅ ឃុំឃ្សឹក្រៅ បច្ចុប្បន្នគឺជាប់នៅប្រទេសចិន ម៉ែឪប្ដីចិន ឃុំមិនអោយចេញក្រៅមានសេរីភាពជួបគ្រួសានៅខ្មែរទេ សុំពុកម៉ែបងប្អូនជួយស៊ែរអោយបានដល់សម្ដេចពុក ហ៊ុន សែន និងបងៗសិទ្ធិមនុស្សជួយខ្ញុំចេញពីហ្នឹងអោយបានឆាប់ៗផង ព្រោះស្បូនខ្ញុំឈឺចាប់ណាស់ មិនអាចទ្រាំនៅដោយការបង្ខំរួមភេទបានទេ បើខ្ញុំរើក៏មិនឈ្នះគេដែរ សូមជួយខ្ញុំអោយចេញពីប្រទេសចិនទៅខ្មែរវិញផង សូមជួយខ្ញុំអោយមានសេរីភាពផង ហើយទូរស័ព្ទនេះដឹងគេដកយកវិញពេលណាទេ”។
សូមជម្រាបផងដែរថា ទាក់ទងចំពោះការលើកឡើងរបស់ម្ចាស់គណនីខាងលើនេះ យើងនៅពុំទាន់ដឹងថា គឺជារឿងពិត ឬក៏ប្រឌិតនោះទេ ប៉ុន្ដែប្រសិនបើជារឿងពិត សង្ឃឹមថា អជ្ញាធរ ដែលពាក់ព័ន្ធមេត្ដាស្រាវជ្រាវ ដើម្បីជួយអោយគាត់ឆាប់មានសេរីភាព និងបានវិលត្រលប់មកកាន់ប្រទេសខ្មែរវិញផង។