សូមស្វាគមន៍ ខាវ៉ាន់(Kaavan) ក្នុងឱកាស មកដល់ទឹកដីក្រុងសៀមរាប ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា
ខាវ៉ាន់(Kaavan) គឺជាឈ្មោះសត្វដំរី ដែលឯកាជាងគេបំផុតនៅលើពិភពលោក បានធ្វើដំណើរជាច្រើនម៉ោងតាមយន្តហោះពិសេសពីប្រទេសប៉ាគីស្ថាន និងបានមកដល់ទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២០ម្សិលមិញ ។
ការមកដល់កម្ពុជា របស់សត្វដំរី ដ៏ឯកាជាងគេនេះ បន្ទាប់ពីមានសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់របស់ក្នុងទីក្រុង អ៊ីស្លាម៉ាបាដ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ Four Paws International ទើបអាចជួយសង្គ្រោះ នឹងនាំសត្វដំរីនេះ មកកន្លែងថ្មី ចាប់ផ្តើមជីវិតថ្មី ដោះលែងអោយមានសេរីភាព វិញក្នុងតំបន់ជម្រកសត្វព្រៃគូលេនព្រហ្មទេព ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ។
សូមរំលឹកថា ខាវ៉ាន់(Kaavan) ត្រូវបានប្រទេសស្រីលង្កា ប្រគល់ជូនទៅ ប្រទេសប៉ាគីស្ថាន ដេីម្បីភ្ជាប់ទំនាក់ទំនងល្អជាមួយគ្នា ដែលពេលនោះ ខាវ៉ាន់(Kaavann) ទើបមានអាយុត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ។ ខាវ៉ាន់(Kaavann) បានចំណាយជីវិត ក្នុងទីកន្លែងមួយដែលហ៊ុំព័ទ្ធដោយរបង ក្នុងសួនសត្វដែលមានឈ្មោះថា Islamabad ZOO ដោយជេីងម្ខាងត្រូវដាក់ច្រវាក់ អស់រយៈពេលជាច្រើនឆ្នាំ ហើយតម្រូវឱ្យសំដែងដើម្បី ទទួលភ្ញៀវទេសចរណ៍ ជាមួយសត្វដំរីមួយទៀត ឈ្មោះថា សាហេលី Saheli។
លុះដល់ឆ្នាំ ២០១២ ដៃគូដ៏ល្អតែមួយគត់របស់ខាវ៉ាន់(Kaavan)គឺដំរីញីដែលមានឈ្មោះថា សាហេលី Saheli បានស្លាប់ ក្រោយទទួលរងនៃការឆ្លងមេរោគ ពីច្រវ៉ាក់ដែលបានដាក់នៅជាប់ជើង ។ ក្រោយ Saheli បានស្លាប់ ខាវ៉ាន់(Kaavann)ត្រូវបានគេប្រសិទ្ធនាមថា ដំរីដែលឯកាបំផុតក្នុងលោក។
ក្រោយមានឈ្មោះជាដំរីដែលឯកាបំផុតក្នុងលោក អ្នកចំរៀងប៉ុបអាមេរិកឈ្មោះថា Cher បានសម្រេចចិត្តបើកយុទ្ធនាការសង្គ្រោះកាវ៉ាន់ (Save Kaavan campaign) ក្នុងយុទ្ធនាការនេះមានអ្នកចូលរួមចុះហត្ថលេខាគាំទ្រចំនួន ប្រមាណ២០០,០០០ នាក់។
ក្រោយមានយុទ្ធនាការ នៅថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២០ តុលាការប៉ាគីស្ថានបានសម្រេចជ្រើសរើសយកប្រទសកម្ពុជា ជាជម្រកថ្មីរបស់ដំរី Kaavan បន្ទាប់ពីមានការទាមទាររកសេរីភាពឲ្យដំរី Kaavan តាមរយៈអ៊ីនធឺណិត ដែលដឹកនាំដោយតារាចម្រៀងប៉ុបអាមេរិក Cher តាំងពីឆ្នាំ២០១៦ មក។
ការនាំសត្វដំរី ពីប៉ាគីស្តានមកកម្ពុជាបានក្លាយជាប្រធានបទថ្មី ដ៏ល្បីល្បាញពេញពិភពលោក និងធ្វេីឲ្យអន្តរជាតិស្គាល់ នឹងលើកតម្កើងគុណតម្លៃកម្ពុជាកាន់តែច្រេីន បន្ថែមទៀតផងដែរ ៕ ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប