ក្រសួងសុខាភិបា ច្រានចោលនូវព័ត៌មានមិនពិតទាក់ទងនឹងករណីឆ្លងវីរុសផ្តាសាយបក្សី H5N1 នៅកម្ពុជា
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជូនដំណឹងសាធារណជនទាំងអស់ អ្នកសារព័ត៌មាន ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ឱ្យបានជ្រាបថា ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុង
នូវការចេញ ផ្សាយព័ត៌មានមិនត្រឹមត្រូវ និងមិនពិត បែបប្រឌិត ស្តីពីករណីជំងឺផ្តាសាយបក្សី H5N1 ដែលបានរកឃើញនៅ ខេត្តព្រៃវែងនាពេលកន្លងទៅនេះ ថាជាករណីឆ្លងពីមនុស្សទៅមនុស្ស។
ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ក្រសួងបានរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 ចំនួន ២ ករណីតែប៉ុណ្ណោះ
នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរ កណ្តាល ខេត្តព្រៃវែង ដែលក្នុងនេះ មានកុមារីអាយុ ១១ឆ្នាំ ៦ខែម្នាក់បាន ស្លា.ប់ និងឪពុករបស់កុមារីរូបនេះ បានជា សះស្បើយ និងបានចេញពីមន្ទីរពេទ្យបង្អែកស្រុករួចទៅហើយ។
ករណ៍វិជ្ជមានវីរុសផ្តាសាយបក្សី H5N1ទាំង ២នាក់នេះ ត្រូវបានសន្និដ្ឋានថា ជាការចម្លងវីរុសផ្ដាសាយបក្សី H5N1 ពីសត្វបក្សីមកមនុស្ស ដែលមិនមែនជាការចម្លងពីមនុស្សទៅមនុស្សនោះទេ។
ក្រសួងសុខាភិបាលកម្ពុជា សូមច្រានចោលទាំងស្រុង នូវរាល់ព័ត៌មានមិនត្រឹមត្រូវ ឬ ព័ត៌មានមិនពិត ដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ស្ដីអំពីករណី ជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅកម្ពុជានេះ៕