អ្នកឧកញ៉ា សុខ គង់៖ ពេលយើងធ្លាក់ខ្លួន តែកាហ្វេខ្មៅមួយកែវ គេមិនហៅយើងផង
អគ្គនាយកក្រុមហ៊ុនសូគីម៉ិច និងសុខាអូតែល អ្នកឧកញ៉ា សុខ គង់ ធ្លាប់ត្រូវបានគេមើលងាយ នៅពេលមួយនោះ ដែលលោកធ្លាក់ខ្លួន។
អ្នកឧកញ៉ា បានលើកឡើងថា នៅពេលដែលយើងធ្លាក់ខ្លួន សូម្បីតែកាហ្វេខ្មៅមួយកែវ ក៏គេមិនហៅយើងដែរ។
អ្នកឧកញ៉ា លើកឡើងដូច្នេះ ដោយចង់រំលឹកទៅអតីតកាល ពេលដែលលោក មានលុយមានមិត្តភក្ត្រហូបចុកជុំគ្នា ប៉ុន្តែដល់ដំណាក់កាលមួយ ធ្លាក់ខ្លួន បាត់អស់អ្វីៗគ្រប់យ៉ាង។
អ្នកឧកញ៉ា ថ្លែងដូច្នេះថា« កន្លងមកខ្ញុំបានដើរលេងជាមួយមិត្តភក្រ្ត ចូលហូបចុកជុំគ្នាមួយយប់អស់ ៥ជី ទៅ ១ដំឡឹង…ដល់ថ្ងៃមួយយើងធ្លាក់ខ្លួន មានន័យថា កាហ្វេខ្មៅមួយកែវគេអត់ហៅយើងផឹកផង
ពីពេលនោះមកយើងឈឺចិត្តណាស់ ឈឺចិត្តពេលអត់លុយ គេមើលងាយ មើលថោកយើង អ៊ីចឹងបានខ្ញុំចេះតែឧស្សាហ៍ប្រាប់កូនចៅថា តែអត់លុយហើយ មុខយើងគេអត់មើលទេ ចឹងខំប្រឹងឡើង ខំសន្សំសំចៃឡើង»។
អ្នកឧញ៉ា តែងតែពន្យល់ណែនាំដល់អ្នកជំនាន់ក្រោយ ឱ្យត្រូវខំប្រឹងសន្សំសំចៃគ្រប់មធ្យោបាយ ដើម្បីមានលុយ ដោយមិនត្រូវចំណាយខ្ជះខ្ជាយពេកទេ។ លោកបានលើកឡើងជាឧទាហរណ៍ថា អ្នកខ្លះរកលុយបានចាយវាយមិនគិត ស៊ីផឹក ស្រ.វឹ ង កា.ប់ ចាក់ ជំពាក់គេ តែក្រឡែកទៅមើលអ្នកចេះសន្សំសំចៃគេមានលុយមានផ្ទះធំៗអស់ហើយ។ «ខំប្រឹងធ្វើការញើស ឈា.ម ស៊ីផឹកមួយពេលអស់រលីង»។ នេះជាការបន្ថែមរបស់អ្នកឧកញ៉ា សុខ គង់។
អ្នកឧកញ៉ា បានបន្ថែមថា គ្មានអ្វីលំបាកជាងភាពក្រីក្រទេ ដូច្នេះមនុស្សយើងត្រូវខំប្រឹង បើទោះបីមិនបានធ្វើសេដ្ឋី ក៏មានលុយគ្រប់គ្រាន់ដើម្បីជីវភាពដែរ។
លោកឧត្តមសេនីយ៍ឯក ងិន បាណាល់ កូនប្រសារអ្នកឧកញ៉ា សុខ គង់ បានលើកឡើងថា អ្នកឧកញ៉ា ឆ្លងកាត់ការលំបាកវេទនាច្រើនណាស់ ទម្រាំមានជីវិតថ្កុំថ្កើងដូចពេលនេះ។ លោកតស៊ូពីបាតដៃទទេ សន្សំមួយកាក់មួយសែន ចិញ្ចឹមគ្រួសារ និងធ្វើជំនួញជួញដូរ ដើម្បីបានប្រាក់បន្ថែមផ្គត់ផ្គង់ជីវភាព និងពង្រីកមុខរបរ។
លោកបន្តថា អ្នកឧកញ៉ា តែងតែណែនាំកូនចៅគ្រប់រូបឱ្យចេះសន្សំសំចៃ ក្នុងការប្រើប្រាស់លុយ ដើម្បីរក្សាលំនឹងហិរញ្ញវត្ថុ។ លោកឧត្តមសេនីយ៍ឯក ងិន បាណាល់ បានឱ្យដឹងដូច្នេះថា« ពេលខ្លះយើងញ៉ាំបាយជាមួយគាត់ គាត់តែងផ្តល់ដំបូន្មានថា កូនអើយយើងរកបានមួយកាក់ យើងចាយមួយសេនទៅ មិនបាច់ លោ.ភ ល .ន់ ទៅណាទេ គង់តែមានឱ្យតែយើងចេះសន្សំ មិនបាច់ហក់លោតខ្លាំងពេកទេ»។
សូមបញ្ជាក់ថា បច្ចុប្បន្នអ្នកឧកញ៉ា សុខ គង់ គ្រប់គ្រងអាជីវកម្មធំៗក្នុងដៃ ដូចជា ក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមិន គ្រុប ក្រុមហ៊ុនសុខាអូតែល ដែលបាននិងកំពុងដឹកនាំប្រតិបត្តិគម្រោងវិនិយោគអភិវឌ្ឍលើភ្នំបូកគោ ឋានសួគ៌បូកគោ សណ្ឋាគាររេស៊ីដង់ភ្នំពេញ សណ្ឋាគារឆ្នេរសុខា និងសណ្ឋាគារសុខាសៀមរាប ជាដើម៕