សម្ដេចតេជោ ឧបត្ថម្ភ១០លានរៀល ដល់ស្ត្រីវ័យ៥៦ឆ្នាំ ជាបេក្ខជនប្រឡងបាក់ឌុបកន្លងមក
រាជធានីភ្នំពេញ ៖ ដោយឃើញទឹកចិត្តនៃការតស៊ូ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រកាសឧបត្ថម្ភថវិកាចំនួន១០លានរៀលដល់បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឈ្មោះ ហែម ស៊ីណាត អាយុ៥៦ឆ្នាំ ហើយក៏ជាបេក្ខជនអាយុច្រើនជាងគេ ដែលបានប្រឡងធ្លាក់បាក់ឌុបនាពេលកន្លងទៅ។
យោងតាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ដើម្បីលើកទឹកចិត្តដល់ការរៀនពេញមួយជិវីត ខ្ញុំសូមចូលរួមឧបត្ថម្ភដល់ប្អូនស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ ដែលបានចូលប្រឡងបាក់ឌុបហើយធ្លាក់នូវថវិកាចំនួន ១០លានរៀល។ ជូនពរប្អូនស្រីប្រឡងជាប់នៅឆ្នាំ២០២៣ខាងមុខ»។
សូមរំលឹកថា លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ មកពីភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺជាបេក្ខជនអាយុច្រើនជាងគេក្នុងការប្រឡងបាក់ឌុប ឆ្នាំ២០២២នេះ។
តាមរយៈបទសម្ភាសន៍ជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព អ្នកស្រី្ត ហែមស៊ីណាត ដែលជាគ្រូបង្រៀងស្រុកស្រែតាមជនបទដ៏កម្សត់បានរៀបរាប់ថា អ្នកស្រី ពិតជារំភើបហួសពីរំភើប ដោយរកពាក្យអ្វីមកថ្លែងពុំបាននូវទឹកចិត្តរបស់សម្តេច ក្នុងការជួយសម្រាលដល់ជីវភាពរបស់អ្នកស្រី និងការខ្វះខាតផ្សេងៗ។
ទន្ទឹមនឹងនេះ អ្នកស្រ្តី ហែម ស៊ីណាតបានបន្ថែមថា សម្តេចចង់អោយអ្នកស្រីសិក្សាបន្ថែមអោយបានច្រើន និងជាពិសេសថែមទាំងសម្តេចបានជូនពរអ្នកស្រីទៀតផង ត្រង់ចំណុចនេះ អ្នកស្រីពិតជាសប្បាយចិត្តជាខ្លាំងពន់ពេកកន្លង ព្រោះកាលពីកន្លងមកពុំមាននរណាផ្តល់ប្រាក់ឧបត្តម្ភដល់ខ្លួនច្រើនដូច្នេះនោះទេ ហើយសម្រាប់រូបអ្នកស្រីផ្ទាល់ក៏ពុំធ្លាប់មានលុយច្រើនអ៊ីចឹងដែរ។
អ្នកគ្រូអក្ខរកម្មដ៏កម្សត់រូបបានបន្ថែមថា អ្នកមីងនឹងយកថវិកាដ៏ច្រើននេះសម្រាប់ការផ្គត់ផ្គង់គ្រួសារដោះស្រាយជីវភាព និងការជួលជុលផ្ទះដំបូលធ្លុះធ្លាយរហែកប្រក់ស័ង្កសីរបស់អ្នកមីង ហើយនិងយកទៅរៀនសូត្របន្ថែមទៀត។
ស្រ្តីវ័យ ៥៦ឆ្នាំរូបនេះបានបន្តថា អ្នកមីងសព្វថ្ងៃនេះ អ្នកមីងពុំមានជម្រកល្អស្នាក់នៅនេះ ដោយផ្ទះដែលអ្នកមីងបានរស់នៅសព្វថ្ងៃនេះ ជាផ្ទះរបស់អង្គការ ដោយអង្គការបានអោយអ្នកមីង កាលពីឆ្នាំ ២០១៤ ដល់រហូតមកដល់ពេលនេះមានរយៈ ៨ឆ្នាំហើយ ដូច្នេះផ្ទះប្រកស័ង្កសីមួយនេះមានសភាពធ្លុះធ្លាយ ដោយសឹងតែមនុស្សដើរបុកបាក់ទៅហើយ។
គ្រូបង្រៀនដ៏កម្សត់រូបនេះបានបន្តថា លើសពីនេះ មធ្យាបាយសម្រាប់ការធ្វើដំណើរទៅបង្រៀនក៏អ្នកមីងពុំមានសម្រាប់ការធ្វើដំណើរនោះដែរ ដោយពេលអ្នកមីងទៅបង្រៀនសិស្ស ដោយរុញរទះរុញ ដាក់ចៅនៅខាងមុខ ដោយមិនហ៊ានទុកចៅអោយនៅម្នាក់ឯងដោយក្លាយលុងទឹក ឬមានបញ្ហាផ្សេងៗ។
គួររលឹកដែលថា អ្នកស្រី ហែម ស៊ីណាត ពិតជាមានជីវភាពខ្វះមុខខ្វះក្រោយជាខ្លាំង ដោយពឹងផ្អែកលើការបង្រៀនតែមួយមុខ អ្នកស្រីពុំអាចររ៉ាប់រងអោយមានជីវភាពល្អប្រសើរនោះទេ ដោយត្រូវមានចៅតូចៗត្រូវចិញ្ចឹម តែអ្នកស្រីបន្តថា ការបង្រៀននេះហើយ ទើបអាចអោយអ្នកស្រីមានបានហូប និងការដោះស្រាយជីវភាពគ្រួសារ។
ជាចុងក្រោយ គ្រូបង្រៀនស្រុកស្រែដ៏កម្សត់ អ្នកស្រី ហែម ស៊ីណាតបានជូនពរសម្តេច និងក្រុមគ្រួសារអោយជួបតែសំណាងល្អ ជាម្លប់ដល់កូនចៅប្រជាជនខ្មែរក្រោយការដឹកនាំដ៏ឈ្លាសវៃ និងគោលនយោបាយឈ្នះៗរបស់សម្តេច។
ទោះបីជាលោកស្រីប្រឡងធ្លាក់ក្តី លោកស្រីនៅតែប្តេជ្ញាបន្តប្រឡងជាថ្មីម្ដងទៀតនៅឆ្នាំក្រោយ ដើម្បីសម្រេចនូវក្តីស្រមៃជាគ្រូបង្រៀនផងដែរ។
កន្លងមកអ្នកមីងធ្លាប់បានថ្លែងថា ទោះធ្លាក់បាក់ឌុប អ្នកមីងមិនអាក់អន់ចិត្តនោះទេ ជាមួយការប្រឡង ហើយឆ្នាំក្រោយអ្នកមីងនឹងមកប្រឡងម្តងទៀត ហើយនឹងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមួយសន្លឹកនេះអោយបាន។ អ្នកមីងស៊ីណាត បានបន្តយ៉ាងដូច្នេះថា អ្នកដែលប្រឡងធ្លាក់ដូចជាអ្នកមីងចូលកុំអស់សង្ឃឹមត្រូវក្រោកឈរ ជាពិសេសត្រូវបន្តទៅមុខ ព្រោះផ្លូវជីវិតរបស់មនុស្សម្នាក់ៗវែងឆ្ងាយណាស់។ប្រាកដណាស់ ពាក្យសម្តីរបស់អ្នកមីងមួយមាត់ៗពិតជាចាក់ដោតណាស់ ទោះបីជាពុំជាប់ក៏អ្នកមីងរូបនេះនៅតែបន្តទៅមុខជាពិសេស អ្នកមីងរូបនេះបានផ្តាំផ្ញើថា «កុំអស់សង្ឃឹម ត្រូវបន្តដំណើរទៅមុខ»។
យាងណាមិញ បើងាកមកមើលពីអាជីពរបស់អ្នកមីងវិញ ពុកម៉ែប្រាកដជាភ្ញាក់ផ្អើលជាខ្លាំង ទោះបីជាអ្នកមីងរូបនេះពុំជាប់បាក់ឌុប ពុំក្លាយជាគ្រូកិច្ចសន្យាក៏ដោយ តែសព្វអ្នកមីងស៊ីណាត គឺជាគ្រូអក្ខរកម្ម ដោយជារៀងរាល់ថ្ងៃ អ្នកមីងត្រូវបង្រៀនសិស្សដែលមានវ័យល្បាក់ៗនឹងអ្នកមីង ដោយអ្នកមីងបានបន្ថែមថា កូនសិស្សអ្នកមីងមានវ័យ៥០ឆ្នាំ ៦០ឆ្នាំ និង៧០ឆ្នាំជាដើម៕