លោកជំទាវ ទាង អេង ទៀ សីហា៖ រៀបការបាន ៧ឆ្នាំ មានកូនបីនាក់ហើយ ទើបបានថតរូបលក្ខណៈបែបគ្រួសារជុំគ្នាម្តង
សំណេររបស់លោកជំទាវទាង អេង ទៀ សីហា៖ មកដល់ថ្ងៃនេះទើបដឹងថាខ្លួនឯងមានគ្រួសារមួយតូចសមល្មម មិនលើសមិនខ្វះ មិនទាមទារភាពល្អឥតខ្ចោះ មិនប្រៀបធៀបស្វាមីខ្លួនឲ្យដូចស្វាមីអ្នកដទៃ
មិនប្រជែងនឹងសុភមង្គលខ្លួនទៅនឹងអ្នកដទៃ មិនវាស់វាសនាខ្លួនទៅនឹងភាពសំណាងស្រ្តីផ្សេងៗ ឯទៀត ត្រូវចេះសាទរនឹងទទួលយកអ្វីដែលយើងបានជ្រើសរើស ផ្លូវដ៏វែងឆ្ងាយមួយនេះ គឺជីវិតអាពាហ៍ពិពាហ៍ ប្តី នឹងប្រពន្ធ ត្រូវមានការយោគយល់អធ្យាស្រ័យគ្នាឲ្យច្រើន នេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះសម្រាប់ខ្ញុំ ។
ឮតែចាស់ៗ តែងតែជូនពរនៅថ្ងៃមង្គលការថា ត្រូវចេះស្រឡាញ់គ្នា មើលថែគ្នា ចេះអត់ឱនឲ្យគ្នាទៅវិញទៅមក ទោះជួបរឿងលំបាកប៉ុណ្ណាក៏ត្រូវចាប់ដៃគ្នាឲ្យជាប់ នៅពេលនោះក៏គិតហើយចងចាំទុក តែក៏មិនទាន់បានយល់ច្បាស់ពីអន្ថន័យនៅឡើយ
តែមកដល់ពេលនេះ ទើបខ្ញុំយល់កាន់តែច្បាស់ថា តួនាទីជាកូនប្រសារ ជាប្រពន្ធ ជាម្តាយគេ គឺមានទំនួលខុសត្រូវច្រើន ត្រូវចេះធ្វើចិត្តធ្ងន់ អត់ធ្មត់ តស៊ូជាមួយប្តី ទោះជួបព្យុះភ្លៀង លំបាកប៉ុណ្ណា
ក៏ខ្ញុំនៅក្បែរចាំលើកទឹកចិត្ត បំប៉នស្មារតី ជាប្រពន្ធម្នាក់ ជាម្តាយមួយរូប នៅចាំរ៉ាប់រងគ្រប់វិនាទី មើលថែគ្រួសារអោយគ្រប់ជ្រុងជ្រោយ ជាពិសេសគឺកូនៗ របស់ខ្ញុំ។
បងៗស្រ្តី គួរតែមានកំរងរូបភាពអនុស្សាវរីយ៍ បែបនេះ មិនចេះតែងាយមានទេ ដូចខ្ញុំពពោះកូនទី៣ ហើយ ទើបលើកនេះបានថតរូបទុកឲ្យកូនៗ គេបានមើលពេលធំឡើងខ្លះ ៕ដោយ៖ លឹមសំបូរ