៣០ឆ្នាំមន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះ បានចំនួនជាង ២១លានករណី និងកាត់បន្ថយអត្រា ស្លា.ប់ ក្នុងមន្ទីរពេទ្យពី ៧% មកត្រឹម ០,៣%
សៀមរាប៖ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៩២ ហើយមកទល់នឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាខួប ៣០ឆ្នាំនៃការបង្កើតមន្ទីរពេទ្យគន្ធបុប្ផា ដែលប្រជាពលរដ្ឋខ្មែរមួយចំនួនបានហៅថា មន្ទីរពេទ្យទេវតា។
យោងតាមរបាយការណ៍ដែលបានបង្ហោះលើទំព័រហ្វេសបុកលោកវេជ្ជបណ្ឌិត Dr Beat Richner ដែលជាស្ថាបនិករបស់មន្ទីរពេទ្យនេះ បានឱ្យដឹងថា ៣០ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះ បានចំនួន ២១ ២៤៦ ១៧៧ ករណី និងកាត់បន្ថយអត្រា ស្លា.ប់ ក្នុងមន្ទីរពេទ្យពី ៧% មកត្រឹម០,៣%។
ជាមួយគ្នានេះ ៣០ឆ្នាំកន្លងទៅ មូលនិធិគន្ធបុប្ផាស្វីស បានចំណាយថវិកាប្រមាណ ៨៣៤លានដុល្លារអាមេរិក ដែលក្នុងនោះ ក៏មានការចូលរួមមួយផ្នែកផងដែររបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលស្វីស។
ប្រភពព័ត៌មានដដែលបានបន្ថែមទៀតថា ដំណើរការ ៣០ឆ្នាំនៃមន្ទីរពេទ្យគន្ធបុប្ផា គឺជា៣០ឆ្នាំនៃសហប្រតិបត្តិការរវាងមន្ទីរពេទ្យគន្ធបុប្ផារបស់កម្ពុជា និងមន្ទីរពេទ្យកុមារសកលវិទ្យាល័យហ្សុយរិកប្រទេសស្វីស ព្រមទាំងការចូលរួមគាំទ្រជាប់ជាប្រចាំ
របស់សប្បុរសជនស្វីសនិងកម្ពុជា។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ កុមារគ្រប់ៗរូប ទោះមាន ឬក្រ មានសិទ្ធិទទួលបាននូវការព្យាបាលប្រកបដោយគុណភាព និងត្រឹមត្រូវ។
មន្ទីរពេទ្យគន្ធបុប្ផា សូមក្រាបថ្វាយបង្គំរាជានុញ្ញាតថ្លែងនូវព្រះគុណូបការៈដ៏មហាជ្រាលជ្រៅ ថ្វាយចំពោះព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» និងថ្វាយអំណរព្រះគុណនិងកតញ្ញុតាដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គ តែងតែគាំទ្រទាំងស្មារតី និងព្រះរាជទ្រព្យ សម្រាប់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា តាំងពីឆ្នាំ១៩៩២។
មន្ទីរពេទ្យគន្ធបុប្ផា ក៏បានអរគុណប្រជាជនស្វីស និងរដ្ឋាភិបាលស្វីស អរគុណសប្បុរសជនគ្រប់លំដាប់ថ្នាក់នៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអរគុណកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ព្រមទាំងអរគុណមូលនិធិគន្ធបុប្ផាកម្ពុជា។
មន្ទីរពេទ្យគន្ធបុប្ផា ក៏បានអរគុណមន្ត្រីរាជការ បុគ្គលិក កម្មករកម្ពុជា នៃមន្ទីពេទ្យគន្ធបុប្ផាគ្រប់ជំនាន់ ដែលបានចូលរួមក្នុងបេសកកម្មព្យាបាលសង្រ្គោះជីវិតកុមារកម្ពុជា ហើយសង្ឃឹមថា មន្ទីរពេទ្យគន្ធបុប្ផា នឹងបន្តដំណើរទៅមុខ ៣០ឆ្នាំ ទៅមុខទៀតក្នុងស្មារតី នៃមរតករបស់ស្ថាបនិកទាំងពីរ គឺលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ(Dr Beat Richner) និងលោកវេជ្ជបណ្ឌិត ភីទ័រ ស្ទូឌ័រ(Dr Peter Studer) សហស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា៕ ដោយ៖ លឹម សំបូរ