ផូស៊ីលឆ្អឹងសត្វ ដែលរកឃើញនៅកោះប៉ោ នៃខេត្តកោះកុង សន្និដ្ឋានជំហានដំបូងថា ជាឆ្អឹងសត្វដាយណូស័រ
កោះកុង៖ ផូស៊ីលឆ្អឹងសត្វដែលត្រូវបានគេរកឃើញនៅកោះប៉ោ ស្ថិតនៅក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ត្រូវបានសន្និដ្ឋានថា ជាឆ្អឹងសត្វដាយណូស័រ។
នេះបើយោងតាមការឱ្យដឹងពី លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។
លោកប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានបញ្ជាក់ថា ផូស៊ីលឆ្អឹងសត្វនេះ បានរកឃើញប្រមាណមួយឆ្នាំមកហើយ ដោយក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថាន បានចុះមកសិក្សាស្រាវជ្រាវ។
តាមការសន្និដ្ឋានជាជំហានដំបូងរបស់ក្រុមអ្នកជំនាញ ផូស៊ីលនេះជាឆ្អឹងសត្វដាយណូស័រ តែមិនទាន់ដឹងថា ជាប្រភេទសត្វអ្វីនោះទេ។
សូមបញ្ជាក់ថា ផូស៊ីលនេះមានទំហំធំ ប្រហាក់ប្រហែលនឹងឆ្អឹងស្មងជើងសត្វដំរី។ ក្រុមអ្នកជំនាញនឹងបន្តចុះទៅទីតាំងនេះម្តងទៀតនៅពេលឆាប់ៗខាងមុខ
ប៉ុន្តែមិនទាន់ដឹងថា ក្រសួងនឹងបន្តរក្សាឆ្អឹងនេះនៅទីតាំងដើម ឬក៏យករក្សាទុកនៅសារមន្ទីរ ឬនៅក្រសួងបរិស្ថាននៅឡើយទេ៕