ឆ្លងលឿនណាស់!! គិតត្រឹមថ្ងៃបុណ្យណូអែលនេះ កូវីដ១៩ បំលែងខ្លួនថ្មី រាលដាលឆ្លងដល់ ៧ ប្រទេសហើយ…
(បរទេស) ៖ វីរុសកូវីដ ១៩ បំលែងខ្លួនថ្មី កំពុងរីករាលដាលឆ្លងពាសពេញភាគខាងត្បូងចក្រភពអង់គ្លេស ដែលបង្កជាការព្រួយបារម្ភ និងការភ័យខ្លាចមួយដល់បណ្ដាប្រទេសដទៃ ។
តាមការបញ្ជាក់ពីលោកនាយករដ្ឋមន្ត្រីប្រទេសអង់គ្លេស Boris Johnson បានឲ្យដឹងថា វីរុសបំលែងខ្លួនថ្មីនេះ មានសភាពឆ្លងរហ័សខ្លាំងលើសពីវីរុសមុនរហូតដល់ ៧០ ភាគរយឯណោះ ដែលជាហេតុធ្វើឲ្យប្រទេសមួយនេះ មិនអាចគ្រប់គ្រងស្ថានការណ៍បាន ។
ក្រោយផ្ទុះការរកឃើញនៃវីរុសបំលែងខ្លួនថ្មីឆ្លងខ្លាំងជាងវីរុសមុននៅប្រទេសអង់គ្លេសនេះ បណ្ដាប្រទេសជាច្រើន បាននាំគ្នាចេញការប្រកាសបន្ទាន់ លើការបិទរាល់ការធ្វើដំណើរទាំងឡាយពីប្រទេសអង់គ្លេស ចូលមកប្រទេសខ្លួន ។
ទោះបីជាមានការការពារយ៉ាងតឹងរឹងក៏ពិតមែន ប៉ុន្តែវីរុសថ្មីមួយនេះ នៅតែរកឃើញក្នុងបណ្ដាប្រទេសមួយចំនួនដដែល រួមមានប្រទេស អៀរឡង់ ដាណឺម៉ាក ហូឡង់ បែលហ្ស៊ិក អ៊ីតាលី អូស្ត្រាលី និងប្រទេសអាល្លឺម៉ង់ ។ ការរកឃើញនេះ គឺតាមរយៈអ្នកធ្វើដំណើរត្រឡប់ពីចក្រភពអង់គ្លេស ដែលចូលក្នុងប្រទេសខ្លួនមុនថ្ងៃកំណត់បិទច្រកចេញចូល ៕