អាមេរិកនឹងផ្តល់កញ្ចប់ថវិកាជិត ១៧០ លានដុល្លារដល់វៀតណាម រីឯ កម្ពុជាបាន ៨៥លាន តែមានលក្ខខ័ណ្ឌ
កញ្ចប់ថវិកាសង្គ្រោះកូវីដ១៩ ដែលមានទឹកប្រាក់ចំនួន ៩០០ ពាន់លានដុល្លារត្រូវបានសភាអាមេរិកអនុម័តកាលពីថ្ងៃទី២១ ធ្នូ បានត្រៀមថវិកាជិត ១៧០ លានដុល្លារសម្រាប់ប្រទេសវៀតណាម ដោយមានខ្ទង់ចំណាយពាក់ព័ន្ធនឹងជាតិពុល Dioxin (ដែលអាមេរិកបានប្រើក្នុងសង្គ្រាមវៀតណាម) និងការផ្សះផ្សាក្រោយសង្គ្រាម។
យោងតាមខ្លឹមសារទាំងស្រុងនៃច្បាប់ស្ដីអំពីកញ្ចប់ថវិកាសង្គ្រោះដែលបានចេញផ្សាយដោយ CNN សហរដ្ឋអាមេរិកនឹងចំណាយយ៉ាងហោចណាស់ ១៦៩ ៧៣៩ ០០០ ដុល្លារជាជំនួយដល់ប្រទេសវៀតណាម។
កញ្ចប់ថវិកាសង្គ្រោះទៅប្រទេសវៀតណាមបានបញ្ជាក់យ៉ាងច្បាស់នូវចំណុច ៣ ដែលក្នុងនោះ ថវិកាចំនួន ១៤,៥ លានដុល្លារសម្រាប់កម្មវិធីសុខភាព និងពិការភាពនៅតាមតំបន់ដែលត្រូវអាមេរិកបាញ់ថ្នាំ Dioxin កាលពីសង្គ្រាមវៀតណាម ក្នុងនោះក៏មានចំនួនសម្រាប់ឧបត្ថមភដល់ជនពិការ និងជនរងគ្រោះដោយសារតែ Dioxin។
ថវិកាប្រមាណ ១៩ លានដុល្លារនឹងត្រូវបានផ្តល់ជូនដោយមិនមានលក្ខខណ្ឌច្បាប់សម្រាប់សកម្មភាពកែលម្អឡើងវិញនៅក្នុងទីតាំងដែលមានផ្ទុកជាតិ Dioxin នៅក្នុងប្រទេសវៀតណាម។ ថវិកានេះអាចត្រូវបានប្រើដើម្បីជួយទៅរដ្ឋាភិបាលវៀតណាម រួមទាំងយោធាផងដែរ ដើម្បីបម្រើគោលបំណងនេះ។
ចំណុចចុងក្រោយគឺប្រហែល ២,៥ លានដុល្លារដែលនឹងត្រូវចំណាយសម្រាប់កម្មវិធីផ្សះផ្សាយរវាងអាមេរិក និងវៀតណាមក្រោយសង្គ្រាម។
មុននេះ ដោយទទួលបាន ៩២ សំឡេងគាំទ្រ និង ៦ សំឡេងប្រឆាំង គណបក្សទាំងពីរក្នុងសភាអាមេរិកបានយល់ព្រមលើកញ្ចប់ថវិកាសង្គ្រោះដែលមានតម្លៃ ៩០០ ពាន់លានដុល្លារ ដើម្បីជួយស្តារសេដ្ឋកិច្ចអាមេរិកក្រោយផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាលនៃជំងឺរាតត្បាតកូវី-១៩ ។
ក្រោយពីមានការចរចាគ្នាអស់រយៈពេលជាច្រើនខែមក ទីបំផុតគណបក្សសាធារណៈ និងគណបក្សប្រជាធិបតេយ្យបានឈានដល់ការឯកភាពគ្នាលើកញ្ចប់ថវិកានេះ។ ហើយសេចក្ដីព្រាងច្បាប់នេះត្រូវបានដាក់ជូនលោកប្រធានាធិបតី ត្រាំ ដើម្បីចុះហត្ថលេខា និងអនុម័តចូលជាធរមាន។
ក្នុងកញ្ចប់ថវិកា ៩០០ ពាន់លានដុល្លារនេះ អាមេរិកក៏គ្រោងនឹងផ្ដល់ជំនួយមកកម្ពុជាប្រមាណ ៨៥,៥ ពាន់លានដុល្លារផងដែរ ក៏ប៉ុន្តែ ច្បាប់ថវិកានេះបានបញ្ជាក់ថា អាមេរិកនឹងមិនផ្ដល់មួយសេនណាឡើយ ប្រសិនបើកម្ពុជាមិនព្រមតាមលក្ខខ័ណ្ឌមួយចំនួនដូចជា ឥរិយាបថកម្ពុជាក្នុងជម្លោះសមុទ្រចិនខាងត្បូង ការឲ្យចិនបង្កើតមូលដ្ឋានយោធានៅសមុទ្ររាម ការគោរពសិទ្ធិមនុស្សជាដើម។
គួរបញ្ជាក់ផងដែរថា ខណៈប្រទេសកម្ពុជា ត្រូវអាមេរិក និងសហភាពអឺរ៉ុបកាត់ជំនួយជាបណ្ដើរៗ ដោយចោទប្រកាន់ថាបានរំលោភសិទ្ធិមនុស្ស និងសេរីភាពនយោបាយ ប៉ុន្តែផ្ទុយទៅវិញ វៀតណាម ដែលគេគ្រប់គ្នាស្គាល់ថាជាប្រទេសកុម្មុយនិស្តផ្ដាច់ការ បែរជាទទួលបានបានការគាំទ្រផ្នែកសេដ្ឋកិច្ចជាច្រើនពីអាមេរិក និងប្រទេសលោកខាងលេចច្រើនជាងមុន។
ជាពិសេស ក្នុងឆ្នាំ២០២០ នេះ វៀតណាម និងអាមេរិកបានក្លាយជា «ដៃគូយុទ្ធសាស្ត្រចម្បង» រីឯអឺរ៉ុប ចក្រភពអង់គ្លេស និងអូស្ត្រាលីវិញ ក៏បានផ្ដល់ការអនុគ្រោះពន្ធ EBA ឲ្យវៀតណាមផងដែរ។