មិនដឹងយ៉ាងណាហើយទេ !! មេដឹកនាំឥណ្ឌានិងវៀតណាមពិភាក្សាអំពីសមុទ្រចិនខាងត្បូង
ញូវដេល្លី៖នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី និងសមភាគីវៀតណាម ង្វៀន សួន ហ្វ៊ុក បានពិភាក្សាគ្នាលើបញ្ហាពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ព្រមទាំងទំនាក់ទំនងយោធារវាងបរទេសទាំង២ក្នុងអំឡុងជំនួបកំពូលមួយកាលពីថ្ងៃចន្ទទិ២១ធ្នូ។
មេដឹកនាំទាំង២បានសង្កត់ធ្ងន់លើសារសំខាន់នៃការអត់ធ្មត់ និងការមិនធ្វើយោធូបនីយកម្មសមុទ្រចិនខាងត្បូង នៅពេលគូសវាសផែនទីបង្ហាញផ្លូវមួយសំរាប់ទំនាក់ទំនងយោធាអោយកាន់តែជិតស្និទ្ធឡើង។
លោកម៉ូឌូ បានសង្កត់ធ្ងន់ថាការចរចាបង្កើតក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង មិនគួរមានឥទ្ធិពលលើផលប្រយោជន៍នៃប្រទេសផ្សេងទៀតនៅក្នុងតំបន់ឡើយ។
សូមបញ្ជាក់ថា អាសាននិងចិន បាននិងកំពុងស្វះស្វែងបន្តកិច្ចពិភាក្សាស្តីពីក្រមប្រតិបត្តិសមុទ្រមួយ។
ក្នុងជំនួប ប្រទេសទាំងពីរក៏បានបញ្ចេញឯកសារមួយ ហៅថា« ទស្សនវិស័យសំរាប់សន្តិភាព វិបុលភាពនិងប្រជាជនឥណ្ឌា-វៀតណាម» ហើយឯកសារ២វគ្គ និយាយអំពីបញ្ហាសមុទ្រចិនខាងត្បូង។
ឯកសារនិយាយថា« មេដឹកនាំទាំងពីរ បានអោយតំលៃលើសារសំខាន់នៃការមិនធ្វើយោធូបនីយកម្មនិងអត់ធ្មត់ចំពោះសកម្មភាពទាំងអស់របស់អ្នកអះអាងកម្មសិទ្ធិនិងរដ្ឋដទៃទៀ ត និងជៀសវាងអំពើណាដែលអាចកាន់តែធ្វើអោយស្មុគស្មាញសភាពការណ៍ឬកាន់តែបង្កជម្លោះ ដែលប៉ះពាល់សន្តិភាពនិងស្ថិរភាព»។
ឥណ្ឌាឥឡូវមានជម្លោះព្រំដែនគោកជាមួយចិន និងវៀតណាមកំពុងស្រែកតវ៉ាអំពីអ្វីដែលខ្លួនអះអាងថាចិនចូលកាន់កាប់ដែនទឹករបស់ខ្លួននៅសមុទ្រចិនខាងត្បូង។
វៀតណាម ប្រឆាំងសមយុទ្ធចិននៅក្នុងតំបន់ជម្លោះ ដោយចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងថាបំភិតបំភ័យអ្នកនេសាទនិងជំរុញការអះអាងកម្មសិទ្ធិក្នុងអំឡុងពេលពិភពលោកជួបជំងឺឆ្លងរាតត្បាត។
កាលពីថ្ងៃចន្ទ លោកម៉ូឌូក៏បានអញ្ជើញបណ្តាក្រុមហ៊ុនវៀតណាមអោយចូលទៅវិនិយោគនៅឥណ្ឌា និងបានរំលេចអំពីសេចក្តីត្រូវការបន្ទាន់ក្នុងការពិនិត្យមើលឡើងវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញរវាងឥណ្ឌា-វៀតណាម ដោយចាត់ទុកវាជាជំហានមាំទាំមួយឆ្ពោះទៅកាន់ការធ្វើអោយសកម្មឡើងវិញការចូលពាក់ព័ន្ធសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ព្រមទាំងតំបន់អាស៊ាន៕