ថៃធ្ងន់ធ្ងរហើយ !! រដ្ឋបាលថៃ ចេញវិធានការ១០ចំណុចបន្ទាន់ ដើម្បីគ្រប់គ្រងស្ថានភាពនៃការចម្លងកូវីដ១៩
នៅពេលនេះ រដ្ឋបាលទីក្រុងបាងកក បានចេញប្រកាសពីវិធានការណ៍បន្ទាន់ចំនួន១០ចំណុច ដើម្បីធ្វើការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ និងបាននឹងកំពុងតែចាប់ផ្តើមស្វែងរកយ៉ាងសកម្មទៅលើពលករចំណាកស្រុកដែលអាចមានហានិភ័យខ្ពស់នៃការឆ្លងជំងឺរាតត្បាតនេះ។ រដ្ឋបាលក្រុងបាងកកក៏បានបិទទ្វារសាលារៀនចំនួន ៣ ដែលស្ថិតនៅតាមព្រំប្រទល់ខេត្ត សាមុត សាខន។
វិធានបន្ទាន់ទាំង១០ចំណុចនោះរួមមាន៖
១. សាលារៀន និងសាលាមត្តេយ្យទាំងអស់នៅតំបន់ជិតខេត្ត សាមុត សាខុន ដូចជា សង្កាត់បាងឃុនធាន សង្កាត់បាងប៊ុន និងសង្កាត់ណុងខែម នឹងត្រូវបិទរយៈពេល ១៤ ថ្ងៃ (ថ្ងៃទី ២១ ខែធ្នូដល់ថ្ងៃទី ៤ ខែមករា) ហើយថ្នាក់រៀនទាំងអស់ត្រូវរៀនតាមអនឡាញ ។
២. មន្រ្តីរាជការ ឬបុគ្គលិក BMA ដែលធ្វើដំណើរពីខេត្ត សាមុតសាខន នឹងត្រូវរស់នៅដាច់ដោយឡែក ហើយធ្វើការពីផ្ទះ ។
៣. មិនមានការអនុញ្ញាតឲ្យជួបជុំសម្រាប់ការប្រារព្ធពិធីឆ្លងឆ្នាំថ្មីនោះទេ ។ ប្រសិនបើមានព្រឹត្តិការណ៍ចាំបាច់អ្នករៀបចំត្រូវដាក់ផែនការគ្រប់គ្រងជំងឺដើម្បីទទួលបានការអនុញ្ញាតពីមន្ទីរសុខាភិបាលរបស់ BMA ។
៤. ប៉ុស្តិ៍ត្រួតពិនិត្យត្រូវបានបង្កើតឡើងនៅលើផ្លូវ Petchkasem ផ្លូវ Rama II ផ្លូវ Borommaratchachonnani និងផ្លូវ Liap Khlong Phitthayalongkon ដើម្បីត្រួតពិនិត្យពលករចំណាកស្រុកចូលក្នុងទីក្រុងបាងកក ។
៥. ឧទ្យានអាចត្រូវបានប្រើសម្រាប់ការធ្វើលំហាត់ប្រាណ ប៉ុន្តែមិនមែនការប្រមូលផ្តុំនោះទេ ។
៦. រាល់ពលករចំណាកស្រុកនៅកន្លែងសំណង់នឹងត្រូវពិនិត្យរកជំងឺកូវីដ ១៩ ។
៧. ផ្សារទាំង ៤៧២ នៅទីក្រុងបាងកកនឹងត្រូវបានពិនិត្យរកមើលករណីសកម្មកូវីដ ១៩ ដោយផ្តោតជាពិសេសទៅលើបុគ្គលិកដឹកជញ្ជូន និងឈ្មួញកណ្តាលដែលទាក់ទងនឹងអាហារសមុទ្រមកពីខេត្ត សាមុត សាខន ។
៨. ទីសក្ការៈបូជា និងទីតាំងសាសនានៅទីក្រុងបាងកកត្រូវបានគេស្នើសុំឲ្យឈប់ធ្វើសកម្មភាពរហូតដល់ស្ថានការណ៍ត្រូវបានដោះស្រាយ ។
៩. សាលារៀននានានឹងជួយស្វែងរកឪពុកម្តាយដែលជាពលករចំណាកស្រុកឲ្យធ្វើតេស្តរកវីរុស ។
១០. កន្លែងកំសាន្ត ភោជនីយដ្ឋាន សណ្ឋាគារ ផ្សារទំនើបក៏ដូចជាហាងស្រា និងបារ៍ខារ៉ាអូខេចាំបាច់ត្រូវពិនិត្យភ្ញៀវ ពាក់ម៉ាសដាច់ខាង តុនៅដាច់ពីគ្នា ភ្ញៀវមិនត្រូវរាំ ហើយតំបន់នោះត្រូវបានសម្អាតជាទៀងទាត់យោងតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ។