សូមមេត្តាថែរក្សាសុខភាពផង!!! ថៃចាប់ផ្តើមធ្វើតេស្តិ៍មនុស្សរាប់ម៉ឺននាក់ក្រោយពីផ្ទុះជំងឺកូវីដ១៩នៅផ្សារលក់បង្គា
បាងកក៖ កាលពីថ្ងៃអាទិត្យប្រទេសថៃបានចាប់ផ្តើមធ្វើតេស្តិ៍រកជំងឺកូវីដ១៩លើមនុស្សរាប់ម៉ឺននាក់និងរឹតត្បិតលើការធ្វើដំណើរក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីខេត្តសាមុតសាខន (Samut Sakhon) ត្រូវបានបិទដោយសារមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ក្នុងទ្រង់ទ្រាយធំនៅផ្សារលក់បង្គាមួយកន្លែង។
ខេត្ត សាមុតសាខន (Samut Sakhon) ស្ថិតនៅភាគនិរតីនៃទីក្រុងបាងកកនិងជាតំបន់ឧស្សាហកម្មអាហារសមុទ្រដែលមានពលករចំណាកស្រុករាប់ម៉ឺននាក់ធ្វើការនៅទីនោះ។
ក្រសួងសុខាភិបាលថៃបាននិយាយថា កាលពីថ្ងៃសុក្រគេបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នៅទីនោះចំនួន៤នាក់ ហើយបានកើនឡើងដល់៦៨៩នាក់នៅថ្ងៃអាទិត្យ។
លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលថៃបាននិយាយថា «លទ្ធផលនៃការធ្វើតេស្តិ៍បន្ថែមទៀតនឹងរកឃើញអ្នកឆ្លងជាច្រើននាក់ទៀត» និងបន្ថែមថា «មនុស្សរហូតដល់៤ម៉ឺននាក់នឹងត្រូវបានធ្វើតេស្តិ៍នៅក្នុងខេត្តសាមុតសាខន (Samut Sakhon) និងខេត្តដែលនៅក្បែរៗនោះ។»
ពលករចំណាកស្រុកដែលភាគច្រើនមកពីប្រទេសមីយ៉ាន់ម៉ាបានតម្រង់ជួររង់ចាំធ្វើតេស្តិ៍កាលពីថ្ងៃអាទិត្យរួមជាមួយជនជាតិថៃមួយចំនួនទៀតផងដែរ។ មន្ត្រីសុខាភិបាលបាននិយាយថា មកទល់ពេលនេះអ្នកដែលឆ្លងភាគច្រើនមិនមានចេញរោគសញ្ញាឡើយ។
អាជ្ញាធរថៃបានបញ្ជាឲ្យបិទសាលារៀនទាំងអស់នៅក្នុងស្រុកចំនួន៣នៅក្នុងទីក្រុងបាងកកដែលមានព្រំប្រទល់ជាប់ខេត្តសាមុតសាខនរហូតដល់ថ្ងៃទី០៤ ខែមករា។ ហើយខេត្តនេះត្រូវបានបិទមិនឲ្យចេញចូលនិងដាក់បម្រាមគោចរពេលយប់រហូតដល់ថ្ងៃទី០៣ ខែមករា។
លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា ក្រសួងរំពឹងថានឹងអាចគ្រប់គ្រងស្ថានភាពនេះបាននៅក្នុងរយៈពេល២ទៅ៤សប្តាហ៍៕