លោក បៃដិន និយាយថា «ប្រជាធិបតេយ្យនៅតែឈ្នះ» បន្ទាប់ពីអង្គបោះឆ្នោតអាមេរិកបញ្ជាក់ជាផ្លូវការពីជ័យជម្នះរបស់គាត់
អាមេរិក៖ លោក ចូ បៃដិន (Joe Biden) បាននិយាយថា «ឆន្ទៈរបស់ពលរដ្ឋបានឈ្នះហេីយ » បន្ទាប់ពីអង្គបោះឆ្នោតអាមេរិកបានបញ្ជាក់ជាផ្លូវការថា រូបគាត់ជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។
នៅក្នុងសុន្ទរកថាបន្ទាប់ពីមានការប្រកាសនេះ លោក បៃដិន បាននិយាយថា លទ្ធិប្រជាធិបតេយ្យរបស់អាមេរិកត្រូវបានគេ «ដាក់គំនាប, សាកល្បង និងគំរាមកំហែង» ប៉ុន្តែ នៅទីបំផុតលទ្ធិប្រជាធិបតេយ្យរបស់អាមេរិកនេះនៅតែបានបង្ហាញពី «ភាពធន់ទ្រាំ, ការពិត និងរឹងមាំ»។
លោក បៃដិន បានលេីកឡេីងបែបនេះគឺចង់សំដៅដល់ ការព្យាយាមរបស់ លោកប្រធានាធិបតី ត្រាំ ក្នុងការតវ៉ាចំទាស់នឹងលទ្ធផលបោះឆ្នោត និងបាននិយាយថា ឥឡូវនេះ «ដល់ពេលហេីយដែលត្រូវចាប់ផ្ដេីមថ្មី»។
ការបញ្ជាក់ពីជ័យជម្នះផ្លូវការពីអង្គបោះឆ្នោតអាមេរិកគឺជាដំណាក់កាលមួយដែល លោក បៃដិន ត្រូវការដើម្បីចូលកាន់តំណែង។
នៅក្រោមប្រព័ន្ធបោះឆ្នោតអាមេរិក ពលរដ្ឋអាមេរិកដែលបានបោះឆ្នោត គឺបោះឆ្នោតឱ្យ «អង្គបោះឆ្នោត» ទេដោយពិតទៅ ហេីយអង្គបោះឆ្នោតនេះធ្វេីការបោះឆ្នោតជាផ្លូវការឲ្យបេក្ខជនប្រធានាធិបតីនាប៉ុន្មានសប្ដាហ៍ក្រោយការបោះឆ្នោត។ លោក បៃដិន មកពីគណបក្សប្រជាធិបតេយ្យបានឈ្នះការបោះឆ្នោតកាលពីខែវិច្ឆិកា ដោយទទួលបានសំឡេងឆ្នោតគាំទ្រពីអង្គបោះឆ្នោតអាមេរិកចំនួន ៣០៦ ទល់នឹង ២៣២ ដែល លោក ត្រាំ មកពីគណបក្សសាធារណរដ្ឋ ទទួលបាន។
ប្រធានាធិបតី ត្រាំ ដែលមិនបានបង្ហាញសញ្ញាទទួលយកលទ្ធផលបោះឆ្នោតនេះ មិនបានធ្វើការអត្ថាធិប្បាយណាមួយទេបន្ទាប់ពីមានការបញ្ជាក់ជាផ្លូវការពីជ័យជម្នះរបស់ លោក បៃដិន៕