ប្រធានាធិបតីអ៊ីរ៉ង់ប្រាប់ថាកម្មវិធី មី ស៊ីល របស់អ៊ីរ៉ង់មិនអាចចរចារបានទេ
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី (Hassan Rouhani) កាលពីថ្ងៃចន្ទ បាននិយាយថា កម្មវិធីមី ស៊ីល របស់អ៊ីរ៉ង់មិនអាចចរចារបានទេ និងបានថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន (Joe Biden) បានដឹងអំពីជំហររបស់អ៊ីរ៉ង់។
ជ័យជម្នះរបស់ លោក បៃដិន អាចនឹងបង្កេីនលទ្ធភាពដែលថា អាមេរិកអាចចូលរួមឡេីងវិញក្នុងកិច្ចព្រមព្រៀងនុយ ក្លេ អ៊ែរដែលអ៊ីរ៉ង់សម្រេចបានជាមួយមហាអំណាចពិភពលោកនៅឆ្នាំ២០១៥ ហើយដែលត្រូវបានបោះបង់ចោលដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅឆ្នាំ២០១៨ ។
លោក បៃដិន ទំនងជាមើលឃើញការវិលត្រលប់ចូលកិច្ចព្រមព្រៀងនេះថាជាការផ្តើមគំនិតមួយដើម្បីពង្រីកកិច្ចពិភាក្សាអំពីការងារនុយ ក្លេ អ៊ែររបស់អ៊ីរ៉ង់, កម្មវិធីមី ស៊ីល ផ្លោងរបស់របស់ប្រទេសនេះ និងសកម្មភាពក្នុងតំបន់។
ប៉ុន្តែរដ្ឋាភិបាលក្រុងតេហេរ៉ង់បានច្រានចោលការបញ្ឈប់កម្មវិធីមី ស៊ីល របស់ខ្លួន ឬផ្លាស់ប្តូរគោលនយោបាយក្នុងតំបន់របស់ខ្លួន។
អ៊ីរ៉ង់បានទាមទារឱ្យមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយរបស់អាមេរិក រួមទាំងការដកទណ្ឌកម្ម និងសំណងចំពោះការខូចខាតខាងសេដ្ឋកិច្ចដែលបណ្តាលមកពីអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយ ក្លេ អ៊ែរ។
ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់បានកើនឡើងចាប់តាំងពីឆ្នាំ២០១៨មក នៅពេលដែល លោក ត្រាំ បានចាប់ផ្ដេីមដាក់ទណ្ឌ កម្មសេដ្ឋកិច្ចយ៉ាងខ្លាំងលេីអ៊ីរ៉ង់ឡេីងវិញ ដើម្បីដាក់សម្ពាធដល់ប្រទេសនេះឲ្យចូលមកតុចរចា៕